ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាទៅអាជ្ញាធរខណ្ឌ ឲ្យផ្អាកការធ្វើចរាចរណ៍ជាបណ្ដោះអាសន្ន សម្រាប់រថយន្ដដឹកដី ដឹកខ្សាច់ លើកំណាត់ផ្លូវ៦០ម៉ែត្រ ក្រោយពីមានគ្រោះថ្នាក់ញឹកញ៉ាប់រយៈពេលប៉ុន្មានថ្ងៃនេះ។
លោកអភិបាលរាជធានី បានឲ្យដឹងបែបនេះ ក្នុងកិច្ចប្រជុំជាមួយសមត្ថកិច្ចពាក់ព័ន្ធនៅរសៀលថ្ងៃទី១៩ មិថុនា ឆ្នាំ២០២០នេះ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា អាជ្ញាធរមិនហាមឃាត់ការចាក់ដី ចាក់ខ្សាច់ នៅតំបន់អភិវឌ្ឍន៍ជើងឯកនោះទេ ប៉ុន្ដែគ្រាន់តែបង្វែរទិសចរាចរណ៍ សម្រាប់រថយន្ដដឹកដី ដឹកខ្សាច់កុំឲ្យធ្វើចរាចរណ៍លើកំណាត់ផ្លូវ៦០ម៉ែត្រ ជាបណ្ដោះអាសន្នសិន។
លោក អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមថា ការដាក់ចេញវិធានការនេះ គឺដោយសារតែកន្លងមកសង្កេតឃើញថា ការដឹកដី ដឹកខ្សាច់ កាត់ផ្លូវនេះបានបង្កឲ្យប្រឡាក់ នៅលើទ្រូងផ្លូវ កកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ និងធ្វើឲ្យខូចផ្លូវ ដូច្នេះអាជ្ញាធរត្រូវតែមានវិធានការដើម្បីរក្សាផ្លូវនេះ ឲ្យនៅតែល្អស្អាតជានិច្ច ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងរយៈពេល៥ខែ ឆ្នាំ២០២០នេះ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ រថយន្តដឹកដី ដឹកខ្សាច់ បានបង្កគ្រោះថ្នាក់ចរាចរណ៍សម្លាប់ប្រជាពលរដ្ឋ ៥នាក់ របួសធ្ងន់៧នាក់ និងស្រាល២នាក់៕