ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានផ្សព្វផ្សាយនៅថ្ងៃចន្ទ ទី២២ ខែមិថុនានេះថា ក្រុមការងាររបស់ប្រទេសនេះ បានត្រៀមរួចរាល់ហើយនូវខិត្តប័ណ្ណប្រមាណជាង១២លានសន្លឹក សម្រាប់ចែក និងបង្ហោះសងសឹកកូរ៉េខាងត្បូងវិញ ដែលបានចែកចាយ និងបង្ហោះខិត្តប័ណ្ណរិះគន់កូរ៉េខាងជើង កាលពីដើមខែមិថុនានេះ ។
ប្រភពដដែលបានបន្តថា ខិត្តប័ណ្ណរបស់កូរ៉េខាងជើង ត្រូវបានសរសេរពីការកាត់ផ្តាច់ទំនាក់ទំនងទាំងស្រុងជាមួយកូរ៉េខាងត្បូង មានការិយាល័យទំនាក់ទំនងកូរ៉េទាំងពីរ និងកិច្ចព្រមព្រៀងខាងយោធារវាងប្រទេសទាំងពីរជាដើម ។
ម្យ៉ាងទៀត ខ្លឹមសារក្នុងខិត្តប័ណ្ណនោះត្រូវបានសរសេរផងដែរអំពីហានិភ័យខាងយោធានៃប្រទេសទាំងពីរ ដែលអាចនឹងកើតឡើងនៅពេលខាងមុខនៅតាមព្រំដែន ក្រោយពេលដែលមេដឹកនាំកូរ៉េខាងជើង គំរាមបញ្ជូនកងកម្លាំងយោធាទៅកាន់តំបន់ព្រំដែនសាជាថ្មីនៅពេលខាងមុខ ៕