ភ្នំពេញ៖ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថា ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស។ ក្នុងរយៈពេល៣សប្តាហ៍ នៃខែមិថុនា ឆ្នាំ២០២០ មានចំនួនសរុប៤៥២,៦៩២ នាក់ កើនឡើង៧.២៤% ធៀបនឹងរយៈពេល ៣ សប្តាហ៍នៃខែឧសភាកន្លងមក។
លោក ថោង ខុន បានឲ្យដឹងបែបនេះ ក្នុងពិធីប្រជុំផ្សព្វផ្សាយ បទដ្ឋានគតិយុត្តស្ដីពីវិធានការសុវត្ថិភាពទេសចរណ៍ស្ពានទី១ សម្រាប់ដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ នៅ សាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ មិថុនា ឆ្នាំ២០២០ ។
លោកថោង ខុន បានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទាំងនោះមានភ្ញៀវជាតិ ចំនួន៤៤១,៣៩៧នាក់ កើនឡើង៦.៦១% និងភ្ញៀវបរទេសមានចំនួន១,២៩៥នាក់កើនឡើង ៣៩.៣៤%។ ខេត្តតំបន់ឆ្នេរ (ពិសេសខេត្តកំពត និងកែប) នៅតែជាគោលដៅទេសចរណ៍សំខាន់ដែលបានទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុងច្រើន (ជិត៥០% នៃទេសចរផ្ទៃក្នុងសរុប)។
ចំណែកឯខេត្តសៀមរាបក៏នៅតែបន្តបង្ហាញសញ្ញានៃការងើបឡើងជាបណ្តើរៗ ខណៈមូលដ្ឋានអាជីវកម្មទេសចរណ៍មួយចំនួន ពិសេស សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន បានបើកដំណើរការអាជីវកម្មឡើងវិញជាធម្មតា។
ជាមួយការបន្តងើបឡើងវិញនូវចលនាទេសចរណ៍ផ្ទៃក្នុងនេះ ក្រសួងទេសចរណ៍ បានពង្រឹងកិច្ចសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ក្នុងការ ជំរុញអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់អាជីវកម្ម៦ប្រភេទ ដើម្បីទប់ស្តាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលរួមមានសេវាស្នាក់នៅ ភោជនីយដ្ឋានការដឹកជញ្ជូនទេសចរណ៍ផ្លូវគោកការដឹកជញ្ជូនទេសចរ ណ៍ ផ្លូវទឹក រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍៕
ដោយ៖សំរិត