សហព័ន្ធស្រូវអង្ករកម្ពុជាកាលពីថ្ងៃទី២ខែកុម្ភះឆ្នាំ២០១៩នេះបានរកឃើញជ័យលាភីស្រូវល្អបំផុតលើកទី៣ប្រចាំកម្ពុជា២០១៩ ក្នុងនោះទី១ ស្រូវផ្ការំដួល បានទៅលើសហគមន៍ស្វាយរន្ធអមត:ស្រូវពូជ ខេត្តតាកែវ និងស្រូវសែន ក្រអូបបាន ទៅលើសហគមន៍ជ្រៃសាមគ្គីបង្កើនផល ខេត្តបាត់ដំបង ហើយស្រូវអ៊ីអ៊ែរ បានទៅលើសហគមន៍ អភិវឌ្ឍន៍សង្គម កម្ពុជាខេត្តកំពង់ឆ្នាំង។
លោក សុខ ពុទ្ធីវុធ ប្រធាសហព័ន្ធស្រូវអង្ករកម្ពុជាបានមានប្រសាសន៍ថា គោលបំណងដែលសហព័ន្ធស្រូវអង្ករកម្ពុជារៀប ចំការប្រកួតស្រូវល្អបំផុតលើកទី៣ធ្វើឡើងដើម្បី ស្វែងរកសហគមន៍ដែលបានផលិតស្រូវ មានគុណភាព ល្អបំផុត ប្រចាំកម្ពុជានៅក្នុងឆ្នាំ២០១៨ ដោយទទួលបាននូវពានរង្វាន់លើកទឹកចិត្តពីសហព័ន្ធស្រូវអង្ករកម្ពុជា និងរាជរដ្ឋាភិបាល។
លោកបានមានប្រសាសន៍ទៀតថា លើកទឹកចិត្តដល់សហគមន៍កសិករទាំងអស់ឱ្យបន្តខិតខំអភិវឌ្ឍន៍សហគមន៍របស់ខ្លួន ដើម្បីក្លាយជាសហគមន៍គំរូប្រចាំប្រទេសកម្ពុជា និងសហគមន៍ដែលផលិតស្រូវ ចំតម្រូវការទីផ្សារ។
លើសពីនេះលោកអះអាងថា «ពង្រឹង និងពង្រីកការទំនាក់ទំនងរវាងសហគមន៍ និងភាគីពាក់ព័ន្ធនៅក្នុងខ្សែចង្វាក់ផលិតកម្ម ស្រូវអង្ករកម្ពុជា ជាពិសេសរវាងសមាជិកសហព័ន្ធ ដែលមានទាំងក្រុមហ៊ុននាំចេញ រោងម៉ាស៊ីនកិនស្រូវ ហើយនិងហគមន៍កសិករ»។
កម្មវិធី «ប្រកួតស្រូវល្អបំផុតលើកទី៣ប្រចាំកម្ពុជា» និងរៀបចំពិធីអបអរសារទរកម្ពុជា ទទួលបានពានរង្វាន់អង្ករល្អបំផុតលើពិភពលោកចំនួន៤លើក ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ។
សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានសហការជាមួយសមាជិកសមាជិកា បានរៀបចំកម្មវិធីអបអរសាទរកម្ពុជាទទួលពានរង្វាន់អង្ករល្អបំផុតពិភពលោកចំនួន៤លើក ជាពិសេសឆ្នាំ២០១៨ថ្មីៗនេះ កម្ពុជាទើបតែទទួលបាននូវពានរង្វាន់នេះផងដែរ។
ក្នុងកម្មវិធីអបអរសាទរពានរង្វាន់អង្ករពិភពលោកនេះ សហព័ន្ធបានអញ្ជើញតំណាងអ្នករៀបចំកម្មវិធីប្រកួតអង្ករពិភពលោកគឺ The Rice Traders (TRT) ចូលរួមជាភ្ញៀវកិត្តិយស និងប្រគល់នូវវិញ្ញាបនបត្របញ្ជាក់កម្ពុជាទទួលបានពានរង្វាន់អង្ករល្អបំផុតពិភពលោកចំនួន៤លើក។