ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ម៉ាស៊ីនបូមសម្អាតធូលីស្លឹកឈើនិងសំរាមចំនួនពីរគ្រឿងដែលជាកាដូរបស់ទីក្រុងណាននីងត្រូវបានអាជ្ញាធររាជធានីបូមនៅតាមសួនច្បារ

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានប្រើប្រាស់ម៉ាស៊ីនបូមសម្អាតធូលី ស្លឹកឈើ និងសំរាម ចំនួន២ គ្រឿង ដើម្បីបោសនៅតាមដងផ្លូវ និងតាមសួនច្បារនានានៅក្នុងរាជធានីភ្នំពេញ។ម៉ាស៊ីនទាំងពីរគ្រឿងនេះ ជាអំណោយរបស់ទីក្រុងណាននីងនៃសា ធារណរដ្ឋប្រជាមានិតចិនដែលជាទីក្រុងចងសម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញ ។
ចំពោះការងារសម្អាតធូលី ស្លឹកឈើ សំរាមនិងអនាម័យនៅតាមផ្លូវសាធារណៈ តាមសួនច្បារនានា តាមទីផ្សារនានាត្រូវបានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ជាចម្បងដើម្បីថែរក្សាអនាម័យនិងសុខមាលភាពជូនប្រជាពលរដ្ឋក្នុងទីក្រុងផងនិង ដើម្បីសោភ័ណ្ឌភាពទីក្រុងភ្នំពេញផងដោយលោកបានចាត់ចែងដល់អង្គភាពជំនាញធ្វើកិច្ចការងារនេះដោយផ្ទាល់។
ពាក់ព័ន្ធការងារនេះលោក នួន សំណាវុធ អភិបាលរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភំ្នពេញ មានប្រសាសន៍ឲ្យដឹងថា៖ ម៉ាស៊ីន​បូមធូលី ស្លឹកឈើ និងសំរាមនេះជាអំណោយរបស់ទីក្រុងណាននីងប្រទេសចិនដែលបានបញ្ជូនមកឲ្យរាជធានីភ្នំពេញស្របពេលដែលទីក្រុង​ណាន​នីងផ្តល់បរិក្ខារពេទ្យមួយចំនួនដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩កាលពីប៉ុន្មានខែកន្លងមកនេះ។
លោកក៏បានបញ្ជាក់ទៀតថា៖ ម៉ាស៊ីនបូមទាំងពីរខាងលើនេះ គឺសមត្ថភាពប្រើប្រាស់សម្រាប់បោសសម្អាតនៅក្នុងបរិវេណដែលផ្ទៃដីទំហំ ១៦០​០០ ម៉ែត្រការ៉េក្នុង១ម៉ោង និងអាចបូមសម្អាតបាន ៨គីឡូម៉ែត្រក្នុងមួយម៉ោង។
ម៉ាស៊ីនបូមទាំងពីរនេះកាលពីល្ងាចថ្ងៃទី២៩មិថុនាឆ្នាំ២០២០ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញយកមកធ្វើសកម្មភាពបូមសម្អាតនៅលើសួនច្បារមាត់​ទន្លេ ចាប់ពីមុខផ្សារចាស់រហូតដល់មុខវត្តឧណ្ណាឡោម ហើយជាក់ស្តែងម៉ាស៊ីននេះពិតជាមានគុណភាពដែលអាចបូមសម្អាតធូលី ស្លឹកឈើ និងសំរាម បានស្អាត និងមិនធ្វើឱ្យធូលីហុយនោះទេ ព្រោះមានទឹកសម្រាប់បាញ់ស្រោបនៅពេលកំពុងប្រតិបត្តិការបូមធូលី។
លោក នួន សំណាវុធ ក៏បានបញ្ជាក់ផងដែរថា៖ ម៉ាស៊ីនបូមមទាំងពីរនេះ ជាម៉ាស៊ីនប្រើប្រាស់អាគុយ ដែលមិនបង្កផលប៉ះពាល់បរិស្ថានហើយបើខណ្ឌ​មួយចំនួនត្រូវការអាចយកទៅប្រើប្រាស់នៅក្នុងមូលដ្ឋានរបស់ខ្លួនបាន៕

ដោយ៖សំរិត