ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍បញ្ជាក់ក្នុងពិធីប្រជុំបូកសរុបលទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០នៅថ្ងៃទី៧ កក្កដានេះថា នៅខេត្តមណ្ឌលគិរី កំពុងមានទំនាស់រឿងដីធ្លី ដែលភាគច្រើន សុទ្ធតែពាក់ព័ន្ធជាមួយ អ្នកមានបុណ្យស័ក្តធំៗ កំពុងប្រជែងគ្នា ទៅចាប់យកដីនៅទីនោះ ហើយតែបញ្ហានេះ សម្តេចថា« សម្តេចជាអ្នករងកម្ម ក្នុងការដោះស្រាយទៅវិញ»។
សម្តេចបន្តថា ខាងក្រសួងដែនដីនគរ រូបនីយកម្ម និងសំណង់ ការរៀបចំប្លង់គោលនៅកន្លែងមួយចំនួន ដែលខុសពីប៉ូលអភិវឌ្ឍន៍ ។ បើយើងមិនគិតពី អ្វីវានឹងច្របូកច្របល់អស់ហើយ ហើយនៅពេលខាងមុខ មិនងាយកែសម្រួលនោះទេ ។
សម្តេច ស ខេង ថ្លែងថា «ករណីនេះ ខ្ញុំលើកឧទាហរណ៍ ដូចជាខេត្តកំពង់សោមដែលជាតំបន់ប៉ូលសេដ្ឋកិច្ច ហើយមណ្ឌលគិរីក៏ជាតំបន់ប៉ូលដែរ ។ ឥឡូវនាំគ្នាទៅចាប់យកដី ហើយកំពុងមានរឿងមិនទាន់ដោះ ស្រាយផង! ហើយសុទ្ធតែអ្នកធំៗ ។ ធំប៉ុណ្ណាខ្ញុំមិនដឹងទេ តែដឹងតែធំ»។
សម្តេចគ្មានដីសូម្បីតែមួយតឹក ឬកន្លះតឹក នៅខេត្តមណ្ឌលគិរី។ តែបច្ចុប្បមានអ្នកធំៗបានប្រជែងគ្នាទៅចាប់ដីនៅទីនោះ ហើយលទ្ធផលសម្តេចបានក្លាយជាអ្នករងកម្មក្នុងការដោះស្រាយបញ្ហាដីធ្លីទៅវិញ។
ថ្មីៗនេះមានបញ្ហាទំនាស់ដីធ្លីនៅស្រុក គាស់ក្រឡ ខេត្តបាត់ដំបង រវាងអ្នកមានអំណាច និងអាជ្ញាធរខេត្ត ជាមួយពលរដ្ឋ។ ក្នុងនោះបន្ទាប់ពីមានរឿងអង្គភាពប្រឆាំង អំពើពុករលួយ ក៏បាននាំខ្លួនឧកញ៉ាម្នាក់ និងអភិបាលរងខេត្តបាត់ដំបងម្នាក់យកទៅសួរនាំផងដែរ ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសដកហូតតំណែងមន្រ្តីខិលខូច ក្នុងជួររាជរដ្ឋាភិបាល ដោយហេតុពួក គេមិនបានគោរពនិងធ្វើតាមអភិក្រមទាំង៥ ដែលសម្ដេចបានដាក់ចេញ៕