មេទ័ពរបស់សហរដ្ឋអាមេរិក ឧត្តមសេនីយ៍ Frank McKenzie បាននិយាយកាលពីថ្ងៃទី៨ ខែកក្កដានេះថា លោកមិនជឿទេថា មេដឹកនាំរបស់ប្រទេសរុស្ស៊ីនឹងចំណាយប្រាក់ឲ្យគេសម្លាប់ទាហានអាមេរិកនៅប្រទេសអាហ្វហ្កានិស្ថាននោះទេ នេះបើតាមការចុះផ្សាយរបស់ CNA ។
មេទ័ពអាមេរិក បានលើកឡើងបែបនេះ ក្រោយពីមន្ទីរបញ្ចកោណបានបង្ហាញរបាយការណ៍ស៊ើបអង្កេតរបស់ទីភ្នាក់ងារចារកម្មដែលបានបង្ហាញថា ប្រទេសរុស្ស៊ីអាចចំណាយទឹកយ៉ាងច្រើនសម្បើមឲ្យទៅក្រុមសកម្មប្រយុទ្ធរបស់ពួកឧទ្ទាមតាលីបង់នៅប្រទេសអាហ្វហ្កានិស្ថាន ដើម្បីសម្លាប់កងទ័ពអាមេរិក និងកងទ័ពបរទេសផ្សេងទៀតនៅក្នុងប្រទេសនេះ ។
សូមបញ្ជាក់ថា សង្គ្រាមនៅប្រទេសអាហ្វហ្កានិស្ថាន បានឆាបឆេះឡើងចាប់តាំងពីឆ្នាំ២០០១ ក្រោយពីសហរដ្ឋអាមេរិកបានវាយប្រហារទម្លាក់រដ្ឋាភិបាលតាលីបង់ ដោយចោទប្រកាន់ពីបទវាយប្រហារភេរវកម្មលើអគារពាណិជ្ជកម្មពិភពលោកនៅសហរដ្ឋអាមេរិក ហើយកងកម្លាំងរដ្ឋាភិបាលតាលីបង់ បានក្លាយជាពួកឧទ្ទាម និងប្រយុទ្ធជាមួយសហរដ្ឋអាមេរិករហូតដល់បច្ចុប្បន្ននេះ ៕