មនុស្សស្លាប់ប្រចាំថ្ងៃដោយសារវីរុសកូវីដ-១៩ នៅជុំវិញពិភពលោក មានប្រមាណជាង៥ពាន់នាក់ក្នុងមួយថ្ងៃ រយៈពេល២ថ្ងៃជាប់គ្នា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃទី៩ ខែកក្កដានេះ មនុស្សស្លាប់ថ្មីដោយសារវីរុសនេះមានចំនួន ៥៥១៨ នាក់ និងមនុស្សឆ្លងថ្មីក្នុងរយៈពេល២៤ម៉ោងដូចគ្មានមានចំនួន ២១៣ ២៨០ នាក់ ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer ។
ចំពោះមនុស្សស្លាប់សរុបនៅទូទាំងពិភពលោក គិតត្រឹមថ្ងៃទី៩ ខែកក្កដានេះ បានកើនឡើងដល់ចំនួន ៥៥១ ១៩២ នាក់ និងមនុស្សឆ្លងសរុបបានកើនឡើងដល់ ១២ ១៥៥ ៦០៣ នាក់ ខណៈដែលមនុស្សជាសះស្បើយពីវីរុសនេះ បានកើនឡើងដល់ ៧ ០២៥ ២៧៦ នាក់ ។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែឈរក្នុងលំដាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សឆ្លងវីរុសកូវីដ-១៩ ច្រើនជាងគេបំផុត និងមនុស្សស្លាប់ដោយសារវីរុសនេះច្រើនជាងគេផងដែរ ដែលគិតត្រឹមថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០នេះ មនុស្សឆ្លងសរុបនៅអាមេរិកបានកើនឡើងដល់ចំនួន ៣ ១៥៨ ៩៣២ នាក់ ដោយបន្ថែមអ្នកឆ្លងថ្មីក្នុងរយៈពេល២៤ម៉ោងចុងក្រោយចំនួន ៦១ ៨៤៨នាក់ និងអ្នកស្លាប់សរុបបានកើនឡើងដល់ចំនួន ១៣៤ ៨៦២ នាក់ ដោយបន្ថែមអ្នកស្លាប់ថ្មីចំនួន ៨៩០ នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នា ៕