ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក លឹម គានហោ អញ្ជើញពិនិត្យគម្រោងលំហាច ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញពិនិត្យគម្រោងលំហាច មានទីតាំងស្ថិតនៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ រួមដំណើរពីអស់លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្រ្តីបច្ចេកទេសរបស់ក្រសួង រួមជាមួយគណៈអភិបាលខេត្តកំពង់ឆ្នាំង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តផងដែរ។ 

គម្រោងលំហាច ជាអនុគម្រោងមួយ ក្នុងចំណោមអនុគម្រោងទាំងប្រាំមួយ នៃគម្រោងកែលម្អ និងស្តារឡើងវិញ នូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគខាងលិចបឹងទន្លេសាប ក្រោមហិរញ្ញប្បទានសម្បទានរបស់ប្រទេសជប៉ុន។

គម្រោងនេះត្រូវបានចាប់ផ្តើមធ្វើការសាងសង់ កាលពីខែមីនា ឆ្នាំ២០១៦ ហើយគ្រោងនឹងបញ្ចប់នៅចុងខែធ្នូ ឆ្នាំ ២០២០ ដែលគិតមកដល់ថ្ងៃនេះ ការងារសម្រេចបានប្រមាណ៨៤,៧ភាគរយ លើទំហំការងារសរុបរបស់គម្រោង។

ទំហំការងារដែលបាននិងកំពុងអនុវត្ត រួមមាន៖

១- សំណង់ក្បាលហុងទឹក (Headworks) ចំនួនមួយកន្លែង សម្រេចបានប្រមាណ៩៨ភាគរយ។

២- សំណង់នាំទឹក (Intake) ចំនួនមួយកន្លែង សម្រេចបាន១០០ភាគរយ។

៣- សាងសង់ប្រឡាយមេបេតុង ចំនួនមួយខ្សែ ស្មើនឹងប្រវែង១៦,៤០ គីឡូម៉ែត្រ សម្រេចបាន៧០ភាគរយ។

៤- សាង់សងប្រឡាយថ្នាក់ទី២ អំពីបេតុង ចំនួន១៣ខ្សែ ស្មើនឹងប្រវែង៤២,៥០ គីឡូម៉ែត្រ។

៥- សាងសង់ប្រឡាយដោះទឹក ចំនួន១៥ខ្សែ ស្មើនឹងប្រវែង៥២,៩០គីឡូម៉ែត្រ សម្រេចបាន៨៥ភាគរយ។

៦- សាងសង់ប្រឡាយថ្នាក់ទី៣ ចំនួន៩៤ខ្សែ ស្មើនឹងប្រវែង៦២គីឡូម៉ែត្រ សម្រេចបាន១០០ភាគរយ។

៧- សាងសង់សំណង់សិល្បការសរុបចំនួន៥៥៧កន្លែង សម្រេចបានប្រមាណ៩៧ភាគរយ។

៨- សាងសង់សំណង់អគារសហគមន៍កសិករប្រើប្រាស់ទឹក ចំនួនមួយកន្លែង សម្រេចបាន១០០ភាគរយ។

បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់ អនុគម្រោងលំហាច អាចផ្គត់ផ្គង់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីស្រូវវស្សាបានចំនួន៣.២៨៩ហិកតា។ 

លោក លឹម គានហោ រដ្ឋមន្ត្រីករសួងធនធានទឹក និងឧតុនិយម បានជម្រាបជូននូវអ្វី ​ជាលក្ខណៈ​បច្ចេកទេស​នៃ​ប្រព័ន្ធ​ធារាសាស្ត្រ​ ដែល​ក្រសួង​បាន​និងកំពុង​អនុវត្ត​នាពេល​បច្ចុប្បន្ន​ទៅ​តាម​ស្ថានភាព​ភូមិ​សាស្ត្រ​ជាក់ស្ដែង​ ដូចជា​អនុគម្រោងលំហាចនេះជាដេីម​ គឺជាសំណង់ប្រព័ន្ធធារាសាស្រ្តថ្មីមួយទៀត ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ។

លោកបានបន្ថែមថា គម្រោងលំហាចនេះ មិនត្រឹមតែសម្រាប់បម្រើឲ្យការងារស្រោចស្រពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋប្រមាណជាង១០០០គ្រួសារ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកបរិបូណ៌ ស្រុកទឹកផុស និងស្រុករលាប្អៀររបស់ខេត្តកំពង់ឆ្នាំង ក៏បានទទួលផលពីអនុគម្រោងនេះផងដែរ។

ជាមួយ​គ្នា​នេះ​ លោករដ្ឋមន្រ្តី​ ក៏​បាន​ផ្តល់​អនុសាសន៍​ល្អៗដល់ក្រុមការងារឲ្យ​ស្វះស្វែង​រក​មេីល​ការ​ងារ​ណា​ ដែល​ប្រេីប្រាស់​សាច់​ប្រាក់​ពលកម្ម​ សម្រាប់​ផ្តល់​ការងារ​ជូន​ដល់​កម្មករ​ កម្មការិនី​ ដែល​ពុំ​មាន​ការងារ​​ធ្វើ​ដេីម្បី​សម្រួល​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​ក្នុង​តំណាក់កាល​ជំងឺកូវីត​១៩​នេះ​ ស្រប​តាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​។ 

សមិទ្ធផលទាំងអស់នេះ បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយចាប់ផ្តើមពីការស្តារ មកកសាង និងអភិវឌ្ឍន៍ ហើយឈានទៅធ្វើការពង្រីក និងពង្រឹងសមត្ថភាពគ្រប់គ្រងទឹក ដើម្បីធានាដល់ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ការបង្កបង្កើនផលស្រូវ ដំណាំគ្រប់ប្រភេទ និងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ដែលជាផ្នែកមួយជួយលើកស្ទួយដល់គោលនយោបាយជាតិ ស្តីពីសន្តិសុខស្បៀងប្រកបដោយប្រសិទ្ធភាព និងយុទ្ធសាស្ត្រនាំស្រូវ អង្ករចេញរបស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលនៃការប្រែប្រួលអាកាសធាតុ។

ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ក៏សូមថ្លែងអំណរគុណដល់ប្រទសជប៉ុន ដែលជានិច្ចកាលតែងតែជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធស្ទើរគ្រប់វិស័យ និងបានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអនុវត្តគម្រោងកែលម្អ និងស្តារឡើងវិញ នូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគខាងលិចបឹងទន្លេសាប មន្ទីរធនធានទឹក និងឧតុនិយម និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ជាមួយនឹងលទ្ធផលការងារ ដែលសម្រេចបានទៅតាមផែនការគ្រោងទុក និង​សូមប្រកាន់​ខ្ជាប់​នូវ​អនាម័យ​ តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​ ចំពោះ​រលក​ទី២​ នៃ​ជំងឺកូវីត​១៩​៕