សារសម្តេចតេជោ”សុខសប្បាយជាទេបងប្អូនជនរួមជាតិ?”
សំខាន់នៅពេលនេះ សូមបងប្អូនបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពអោយបានល្អ កុំអោយឆ្លងជំងឺកូវីដ-១៩ អោយសោះ។
ថ្មីៗនេះកម្ពុជាយើងមានអ្នកដំណើរមកពីប្រទេសអារ៉ាប៊ីសាអូឌី ១៥ នាក់ទៀត ដែលមានឆ្លងមេរោគកូវីដ-១៩ ដែលកំពុងដាក់អោយព្យាបាលជាបន្ទាន់។ មកទល់ពេលនេះ នៅក្នុងប្រទេសយើងគឺមានអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ១៥៦ នាក់ ដែលបានព្យាបាលជាសះស្បើយ ១៣៣នាក់។ ជំងឺកូវីដ-១៩ គឺនៅតែជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវ ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។
សូមបងប្អូនប្រជាពលរដ្ឋកុំធ្វេសប្រហែសអោយសោះ ហើយសូមឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ឬទឹកអាល់កុល ហើយពាក់ម៉ាសការពារអោយបានត្រឹមត្រូវ។
ទីកន្លែងដែលមានមនុស្សច្រើនដូចជាទីផ្សារ និង ផ្សារទំនើប តូបលក់ដូរទូទៅ ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូដែលទទួលបានការអនុញ្ញាត្តិអោយបើកដំណើរការ ជាពិសេសមន្ទីពេទ្យឯកជន និងមន្ទីរពេទ្យរដ្ឋត្រូវតែមានទឹកអាល់កុល ចឹលសម្លាប់មេរោគ និងម៉ាស សម្រាប់អតិថិជន រួមទាំងអ្នកជំងឺ នឹងបងប្អូនមកសួរសុខទុក្ខពាក់ការពារចៀសវាងការឆ្លងរោគពីម្នាក់ទៅម្នាក់ ។ សូមបងប្អូនប្រជាពលរដ្ឋបន្តធ្វើតាមការណែនាំរបស់ក្រសួងសខាភិបាលអោយបានខ្ជាប់ខ្ជួន។
សូមជូនពរបងប្អូនធ្វើដំណើរមានសុខសុវត្ថិភាព នឹងចៀសផុតពីជំងឺឆ្លងកូវីដ-១៩ទាំងអស់គ្នា៕