ភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីសប្តាហ៍មុន បានចេញដីកាសម្រេចរឹបអូសចលនាទ្រព្យនិងអចលនាទ្រព្យ ជិត២០ប្រភេទ ពីលោក ស៊ុន សារឿន ករណីជំពាក់លុយគេ ជាងកន្លះលានដុល្លារ ហើយគេចវេសមិនព្រមសង។
សេចក្តីសម្រេចរឹបអូសដោយបង្ខំនេះ គឺធ្វើឡើងបន្ទាប់លោក ស៊ុន សារឿន អាយុ៥២ឆ្នាំ បានបរាជ័យក្នុងការអនុវត្តកិច្ចសន្យាសងប្រាក់ទៅដើមបំណុលជាង៥សែន២ម៉ឺនដុល្លារ ដែលលោកបានសន្យាជាមួយតុលាការក្រុងភ្នំពេញ ដើម្បីឲ្យរួចពីការចាប់ដាក់គុក។
លោក សេង រិទ្ធី ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ បានចេញដីការឹបអុសជាបណ្តោះអាសន្ននូវអចលវត្ថុរបស់លោក ស៊ុន សារឿន មានដូចជាឃ្លាំង និងផ្ទះចំនួន៣កន្លែងផ្សេងគ្នា ព្រមចលវត្ថុមួយចំនួនទៀត មានដូចជារថយន្តតូចធំចំនួន១៤គ្រឿង ដើម្បីធានាដល់ការសងបំណុលជូនលោក សុខ ច័ន្ទដារា អាយុ៣២ឆ្នាំ ដែលត្រូវចាញ់បោកអស់ប្រាក់ដោយសារជនខាងលើនេះ។
ដោយសារជនជាប់ចោទខាងលើនេះ នៅតែមិនព្រមសងប្រាក់ អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ បានអនុវត្តដោយបង្ខំ ហើយចាប់រឹបអូសបានរថយន្តពីរគ្រឿង និងអចលនវត្ថុមួយកន្លែង ស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ខណៈរថយន្តជាច្រើនគ្រឿងទៀត ត្រូវគេលួចដូរស្លាកលេខសម្គាល់ដើម្បីគេចវេសពីការចាប់រឹបអូស។
សូមរំឭកថា លោក ម៉ុត ដារ៉ា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ប្តឹងឧទ្ធរណ៍ជំទាស់នឹងសេចក្តីសម្រេចរបស់លោកស្រី ស៊ លីណា ចៅក្រមស៊ើបសួរ ដែលសម្រេចដោះលែងជនត្រូវចោទឈ្មោះ ស៊ុន សារឿន ពាក់ព័ន្ធករណីឆបោកប្រាក់៥២៤ ១៤៥ដុល្លារ ហើយចេញសែកស្អុយឲ្យម្ចាស់បំណុល។
ឈ្មោះ ស៊ុន សារឿន រស់នៅផ្ទះលេខ៨១ ផ្លូវលេខ២៨ ស្ថិតក្នុងភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងមានតួនាទីជានាយកក្រុមហ៊ុន (ស៊ុន កៅ) ត្រេនស្ព័រថេសិន ឯ.ក ដែលជាក្រុមហ៊ុនសេវាកម្រៃជើងសារលើការដឹកជញ្ជូនទំនិញឆ្លងដែន ត្រូវនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ដោយជាប់ពាក់ព័ន្ធពីបទឆបោក និងចេញសែកស្អុយ។
លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ឈ្មោះ ស៊ុន សារឿន និងបញ្ជូនសំណុំរឿងទៅចៅក្រមចាត់ការបន្ត ដោយស្នើសុំឱ្យមានការឃុំខ្លួនជនត្រូវចោទជាបណ្ដោះអាសន្ន ប៉ុន្តែបែរជាត្រូវលោកស្រី ស៊លីណា ជាចៅក្រមស៊ើបសួរ សម្រេចដោះលែងជាបណ្ដោះអាសន្ន បន្ទាប់ពីជនត្រូវចោទខាងលើនេះបង់ប្រាក់ធានា និងសន្យាស្វះស្វែងរកប្រាក់សងម្ចាស់បំណុល។
ដោយសារចៅក្រមស៊ើបដោះលែងឲ្យនៅក្រៅគុក ហើយបង្កឲ្យខូចផលប្រយោជន៍របស់លោក សុខ ច័ន្ទដារា យ៉ាងធ្ងន់ធ្ងរទើបតំណាងអយ្យការដាក់ពាក្យប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍តែម្តង៕