ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុនអេមរុរ៉ាយនិងសហគមន៍កសិកម្មចំនួន៨នៅខេត្តបាត់ដំបង ចុះកិច្ចសន្យាលើផលិតកម្មកសិកម្មតាមកិច្ចសន្យាក្នុងការផលិត និងផ្គត់ផ្គង់ស្រូវនិរន្តរភាព(SRP) 

លោក​​ឧកញ៉ា ច្រាយ សុន អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) និងជាប្រធានគណៈកម្មាធិការប្រតិបត្តិទទួលបន្ទុកផ្នែកអភិវឌ្ឍន៍​សហគមន៍កសិកម្មរបស់ ស.អ.ក បានចូលរួមនៅក្នុងពិធីចុះកិច្ចសន្យា កាលពីថ្ងៃ​ទី១០ ខែកក្កដានេះ​​ លើផលិតកម្មកសិកម្មតាមកិច្ចសន្យាក្នុងការផលិត និងផ្គត់ផ្គង់ស្រូវនិរន្តរភាព (SRP) រវាងក្រុមហ៊ុន អេមរុរ៉ាយ (AMRU Rice) ដែលជាសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា និងសហគមន៍កសិកម្មចំនួន៨ ដែលមានសមាជិកជាកសិករផលិតស្រូវសែនក្រអូប និងស្រូវផ្ការំដួលប្រមាណចំនួនជិត១០០០គ្រួសារ នៅក្នុងខេត្តបាត់ដំបង។

កម្មវិធីនេះធ្វើ​ឡើង​នៅ​​ខេត្តបាត់ដំបងមានការចូលរួមពី លោកគង់ ភាជ ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានមន្ទីរពាណិជ្ជកម្ម អភិបាលស្រុកចំនួនបីក្នុងខេត្តបាត់ដំបង និង តំណាង​សហគមន៍សរុបចំនួនជិត ៤០នាក់ ។

សហគមន៍ទាំង៨ នេះមានវិសាលភាពផលិតស្រូវបានចំនួន ១៨០០០តាន លើផ្ទៃដីដែលអាចដាំដុះ ស្រូវពូជសែនក្រអូប និងផ្ការំដួលចំនួន ៤៥៤៤​ហិតា។ ពិធីចុះកិច្ចសន្យាលើផលិតកម្មកសិកម្មតាមកិច្ចសន្យានាថ្ងៃនេះ ត្រូវបានសហការណ៍រៀបចំឡើងដោយ សហគមន៍កសិកម្មចំនួន​៨នៅក្នុងខេត្តបាត់ដំបង ក្រុមហ៊ុន អេមរុរ៉ាយ( AMRU Rice) វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា (សៀដ) សមាគមសម្របសម្រួលសេដ្ឋកិច្ចសហគមន៍កសិកម្ម (ស.ស.ក) គម្រោងអេម (AIMS) សម្របសម្រួលដោយមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង។

ពិធីនេះក៏ទទួលបានការគាំទ្រ ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ របស់ធនាគារពិភពលោក (IFC-World Bank)។

លោក​​ឧកញ៉ា ច្រាយ សុន អនុប្រធាន ស.អ.ក និងជាប្រធានគណៈកម្មាធិការប្រតិបត្តិទទួលបន្ទុកផ្នែកអភិវឌ្ឍន៍សហគមន៍កសិកម្មរបស់ស.​អ.ក បានថ្លែងចំណាប់អារម្មណ៍តាងនាមឲ្យ ស.អ.ក និងលើកឡើងជូនអង្គពិធីទាំងមូលអំពីវឌ្ឍនភាព និងកំណើននៃការនាំចេញអង្ករក្នុងរយៈកាលមួយឆមាស ដើមឆ្នាំ២០២០ ដែលសំរេចបាន ជិត៤០ម៉ឺនតោន ហើយរំពឹងទុកថា រយៈពេល៦ ខែបន្ទាប់នឹងសំរេចបានជាង៤៥ម៉ឺនតោនទៀត។

លោក​ឧកញ៉ា ច្រាយ សុន មានប្រសាសន៍ថា “យើងខ្ញុំជឿជាកថា តាមរយៈកម្មវិធីថ្ងៃនេះ គឺជាស្ពានសម្រាប់ចាប់ផ្តើមនៃការកសាងទំនុកចិត្តរវាង សហគមន៍កសិកម្ម និងរោងម៉ាស៊ីនកិនស្រូវ ដើម្បីបង្កើតទីផ្សារស្រូវមួយដែលមាននិរន្តរភាពពិតប្រាកដសម្រាប់ប្រជាកសិករ ក៏ដូចជារោងម៉ាស៊ីនកិនស្រូវដែលអាចទទួលបាននូវស្រូវដែលមានគុណភាពខ្ពស់សម្រាប់នាំចេញផងដែរ”។

សម្រាប់ខេត្តបាត់ដំបងមានសហគមន៍កសិកម្មសរុបចំនួន ៨២ ដែលបង្ហាញឲ្យឃើញពី សក្តានុពលខ្ពស់ សម្រាប់រោងម៉ាស៊ីនកិនស្រូវផ្សេងទៀត ដើម្បីចាប់ដៃគូក្នុងការផលិត ផ្គត់ផ្គង់ និងទិញស្រូវជាមួយសហគមន៍កសិកម្មទាំងនោះ។

សហព័ន្ធស្រូវអង្ករសូមអំពាវនាវដល់សហគមន៍ដែលមិនទាន់មានដៃគូចុះកិច្ចសន្យាកសិកម្ម សូមរកដៃគូ ឬអាចទាក់ទងមកសហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីសម្របសម្រួលជូន។