ចំនួនមនុស្សឆ្លងវីរុសCovid-19ប្រចាំថ្ងៃនៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែល ក្នុងរង្វង់ពី១៩ម៉ឺនទៅ២៣ម៉ឺននាក់ ដែលក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃអង្គារ ទី១៤ ខែកក្កដានេះ អ្នកឆ្លងវីរុសCovid-19មានចំនួន ១៩៥ ៨៧៨នាក់ និងមនុស្សស្លាប់ប្រចាំថ្ងៃដោយសារវីរុសនេះមានចំនួន ៣៧៣១នាក់ ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer ។
ចំពោះមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក គិតត្រឹមថ្ងៃអង្គារនេះ បានកើនឡើងដល់ ១៣ ២២៩ ៧១១ នាក់ និងមនុស្សស្លាប់សរុបបានកើនឡើងដល់ ៥៧៤ ៩៨១ នាក់ ខណៈដែលអ្នកជាសះស្បើយសរុបបានកើនឡើងដល់ ៧ ៦៩១ ៤៧៨ នាក់ ។
ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃអង្គារនេះដែរ ប្រទេសដែលមានមនុស្សឆ្លងវីរុសCovid-19ច្រើនជាងគេនៅលើពិភពលោក គឺសហរដ្ឋអាមេរិក ដែលមានមនុស្សឆ្លងថ្មីប្រចាំថ្ងៃចំនួន ៦៥ ៤៨៨នាក់ ហើយប្រទេសដែលមានមនុស្សស្លាប់ដោយសារវីរុសនេះច្រើនជាងគេ គឺប្រទេសប្រេស៊ីល ដែលមានមនុស្សស្លាប់ថ្មីប្រចាំថ្ងៃចំនួន ៧៧០ នាក់ ៕