ចំនួនមនុស្សស្លាប់ និងមនុស្សឆ្លងវីរុសCovid-19នៅទូទាំងពិភពលោក បានហក់ឡើងជាលំដាប់ ដោយមិនទាន់មានសញ្ញាថយចុះនៅឡើយទេ ដែលគិតត្រឹមព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដានេះ មនុស្សស្លាប់សរុបដោយសារវីរុសនេះបានកើនឡើងដល់ជិត៦០ម៉ឺននាក់ហើយ គឺចំនួន ៥៨០ ២៣០នាក់ ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer។
ចំពោះមនុស្សឆ្លងវីរុសផ្លូវដង្ហើមមួយនេះ ក៏បានហក់ឡើងក្នុងអត្រាខ្ពស់ជារៀងរាល់ថ្ងៃដែរ ដែលគិតត្រឹមព្រឹកថ្ងៃពុធនេះ ចំនួនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ ១៣ ៤៤៥ ២៩៩ នាក់ និងមនុស្សប្រមាណ ៧ ៨៣១ ២០០ នាក់បានជាសះស្បើយពីវីរុសនេះ។
សូមបញ្ជាក់ជូនថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃពុធនេះ មនុស្សស្លាប់ថ្មីដោយសារវីរុសCovid-19នៅជុំវិញពិភពលោកមានចំនួន ៥២៥៥ នាក់ និងមនុស្សឆ្លងថ្មីនៃវីរុសនេះមានចំនួន ២១៤ ៧១៦ នាក់៕

