កំពត៖ ដោយមើលឃើញថា ការសាងសង់ផ្លូវបេតុងលើកំណាត់ផ្លូវជាតិលេខ៣ ចាប់ពី ចំណុចផ្លូវរថភ្លើងក្រុងកំពត មកដល់ភ្លើងស្តុបផ្សារសាមគ្គីទីរួមខេត្តកំពត មានការយឺតយ៉ាវ បង្កឲ្យមានការកកស្ទះពិបាកធ្វើដំណើរ និងប៉ះពាល់ដល់ការប្រកបមុខរបស់រកស៊ីទទួល ទានរបស់ពលរដ្ឋរស់នៅជាប់ដងផ្លូវ អភិបាលខេត្តកំពត បានចុះទៅជំរុញដល់ ក្រុមហ៊ុនជាលើកទី២ ឲ្យពន្លឿនការសាងសង់ឲ្យរួចរាល់យ៉ាងឆាប់រហ័សបំផុត ហើយប្រកបដោយស្តង់ដាបច្ចេកទេសត្រឹមត្រូវ។
មានប្រសាសន៍នៅក្នុងដំណើរចុះត្រួតពិនិត្យការដ្ឋានស្ថាបនាសាងសង់ផ្លូវជាតិលេខប៣ ចាប់ពីចំណុច ផ្លូវរថភ្លើងក្នុងក្រុងកំពតមកដល់ចំណុចស្តុបផ្សារសាមគ្គីទីរួមខេត្តកំពត នៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ លោក ជាវ តាយ អភិបាលខេត្តកំពត បានលើកឡើងថា គម្រោងស្ថាបនាផ្លូវជាតិ លេខ៣ចាប់ពីភ្លើងស្តុបផ្លូវបំបែកផ្សារសាមគ្គីទីរួមខេត្តកំពត ទៅដល់ផ្លូវរថភ្លើង គឺជាគម្រោងផ្លូវបេតុងសរសៃដែក មានប្រវែង ១១០០ម៉ែត្រ ទទឹង១២,៨ម៉ែត្រ កម្រាស់ ២,៤តឹក (០,២៤ម៉ែត្រ) ដាំដើមឈើសងខាងផ្លូវ រៀបចំខឿនការ៉ូឡាអមសងខាងផ្លូវប្រវែង២ម៉ែត្រ។
ក្រោយពីចាប់ផ្តើមសាងសង់អស់រយៈពេលជាងខែ ក្រុមហ៊ុនទទួលការសាងសង់ CRBC ហាក់មិនសូវបានប្រឹងប្រែង និងរកវិធីសាស្ត្រដើម្បីពន្លឿនការសាងសង់ទេ ធ្វើឲ្យផ្លូវសំខាន់ដ៏មមាញឹកមួយនេះ មានការកកស្ទះចរាចរណ៍ នៅចំណុចសាងសង់ស្ទើររាល់ថ្ងៃ ហើយការប្រកបរបររកស៊ីទទួលទានរបស់ ពលរដ្ឋរស់នៅជាប់ផ្លូវទៀតសោតក៏ពិបាក។
ដោយសារមូលហេតុនេះហើយ ទើបលោក ជាវ តាយ បានចុះមកជំរុញជាលើកទី២ ឲ្យក្រុមហ៊ុនCRBCពន្លឿនដល់ដំណើរការសាងសង់ឲ្យបានឆាប់រហ័ស ដើម្បីកុំឲ្យប៉ះពាល់ដល់ការធ្វើដំណើរ ការងាររកស៊ីរបស់ពលរដ្ឋ សោភ័ណភាពនិងសណ្តាប់ធ្នាប់នៅដងផ្លូវក្នុងក្រុងកំពតយូរពេក។
នៅក្នុងដំណើរចុះពិនិត្យ លោកអភិបាលខេត្តបានស្នើរដល់ក្រុមហ៊ុនឲ្យមានការដាក់ ប្រព័ន្ធលូឲ្យរួចរាល់ហើយស្របគ្នានឹងការ សាងសង់ផ្លូវនេះដែរដោយ ធ្វើយ៉ាងណា ក៏ដោយ ត្រូវសាងសង់ឲ្យរួចរាល់ ក្នុងរយៈ ពេល១ខែទៀត៕ សំរិត