តាកែវ៖ មន្ត្រីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃសាខាខេត្តតាកែវ នៅថ្ងៃនេះ បានដាក់ពាក្យបណ្តឹងប្តឹងម្ចាស់ស្ថានីយប្រេងឥន្ទនៈមួយកន្លែង នៅក្នុងខេត្តតាកែវ ទៅតុលាការពីបទលួចលក់បន្លំគុណភាព ដោយយកប្រេងសាំងធម្មតាបន្លំជាប្រេងសាំងស៊ុបពែរ។
យោងតាមប្រភពច្បាស់ការណ៍បានឲ្យ Daily-Khmer ដឹងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះថា ម្ចាស់ស្ថានីយប្រេង ដែលប្រឈមមុខនឹងបណ្តឹងពីមន្ត្រី ក.ប.ប. គឺដេប៉ូតេលា មានឈ្មោះ សេង ហាក់ ដានី ស្ថិតនៅក្បែរផ្សារចំបក់ តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។
អ្នកដឹងរឿងពិតប្រាកដអំពីករណីបណ្តឹងចូលតុលាការនេះ បានបញ្ជាក់ទៀតថា គឺធ្វើឡើងបន្ទាប់មន្ត្រី ក.ប.ប. សាខាខេត្តតាកែវ បាននាំយករថយន្តពិសោធន៍ចល័ត ទៅឆ្មក់ឆែកគុណភាព និងបរិមាណប្រេងរបស់ស្ថានីយប្រេងយីហោ សេង ហាក់ ដានី ហើយរកឃើញថា ប្រេងសាំងស៊ុបពែរ ដែលលក់ក្នុងតម្លៃ៣១០០រៀល ក្នុងមួយលីត្រ គឺមិនមែនជាប្រេងសាំងស៊ុបពែរឡើយ ដោយយកប្រេងសាំងធម្មតាមកបន្លំតែប៉ុណ្ណោះ។
ប្រភពដដែលបានបញ្ជាក់ទៀតបន្ថែមថា បណ្តឹងនេះ គឺអនុលាមតាមមាត្រា៦៣ នៃច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផល ទំនិញ និងសេវា។
ដូច្នេះ តាមច្បាប់នេះ បើតុលាការរកឃើញកំហុស «ម្ចាស់ស្ថានីយប្រេង សេង ហាក់ ដានី អាចប្រឈមនឹងជាប់ទោសជាប់ពន្ធនាគារពី១ខែ ដល់១ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀល ដល់១០លានរៀល»។
សូមរំឭកថា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ មន្រ្តីសាខា ក.ប.ប. ខេត្តតាកែវ បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ទៅឆ្មក់ត្រួតពិនិត្យបណ្តាស្ថានីយ និងដេប៉ូចែកចាយប្រេងឥន្ធនៈចំនួនប្រាំបីទីតាំង ក្នុងខេត្តតាកែវ។
ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយ និងដេប៉ូចែកចាយ ទាំងប្រាំបីទីតាំងដែរ។
បន្ទាប់ពីត្រួតពិនិត្យចប់សព្វគ្រប់ហើយ បានរកឃើញថា ស្ថានីយ និងដេប៉ូចំនួនបីទីតាំង មានអនុលោមភាពទាំងផ្នែកគុណភាព និងបរិមាណ ស្ថានីយដេប៉ូចំនួនបីទីតាំង មិនមានអនុលោមភាពផ្នែកបរិមាណ រីឯស្ថានីយ និងដេប៉ូចំនួនពីរទីតាំងទៀត មិនមានអនុលោមភាពទាំងផ្នែកគុណភាព និងបរិមាណ។
ចំពោះតម្លៃលក់រាយនៅតាមស្ថានីយ និងដេប៉ូទាំងអស់ បានអនុវត្តត្រឹមត្រូវតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម។ មន្រ្តីសាខា ក.ប.ប. ខេត្តតាកែវ ក៏បានកសាងសំណុំរឿងបញ្ចូនស្ថានីយ/ដេប៉ូទាំងប្រាំទីតាំងខាងលើទៅតុលាការខេត្តតាកែវ ដើម្បីផ្តន្ទាទោស ឬពិន័យទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផល ទំនិញ និងសេវា៕