(ខេត្តព្រះសីហនុ)៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា ហ្វូងសត្វស្វាជាច្រើនក្បាល នៅតំបន់សណ្ឋាគារឯករាជ្យ ( សណ្ឋាគារ ប្រាំពីរជាន់ ) ក្នុងខេត្តព្រះសីហនុ បានបង្កការរំខានដល់មហាជន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ភ្ញៀទេសចរជាតិ និងអន្តរជាតិ។
ដើម្បីរក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ដែលបង្កឡើងពីហ្វូងសត្វស្វាទាំងនោះ មន្ត្រីរដ្ឋបាលព្រៃឈើ ដោយមានចំណារឯកភាពរបស់អភិបាលខេត្តព្រះសីហនុ បានចុះចាប់សត្វស្វា ដែលបង្កការរំខាន ស្ថិតនៅតំបន់សណ្ឋាគារឯករាជ្យ និងបានដោះលែងវិញ នៅដែនជម្រកសុវត្ថិភាពសហគមន៍ព្រៃឈើវាល ក្នុងខេត្តពោធិ៍សាត់។
សេចក្តីជូនដំណឹងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានធ្វើឡើង ខណៈដែលមានបណ្តាញព័ត៌មានក្នុងស្រុកមួយចំនួន បានផ្សព្វផ្សាយថា ស្វាមួយចំនួន នៅតំបន់សណ្ឋាគារឯករាជ្យ ( សណ្ឋាគារប្រាំពីរជាន់ ) បាត់ ដោយមិនដឹងប្រភពអ្នកចាប់សត្វស្វាទាំងនោះ។ ដូច្នេះដើម្បីជៀសវាងការភាន់ច្រឡំពីសំណាក់មហាជនចំពោះព័ត៌មាន នៃការបាត់សត្វស្វាទាំងនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានបំភ្លឺថា សត្វស្វាទាំងនោះ ត្រូវបានចាប់យកទៅលែងក្នុងព្រៃ នៅខេត្តពោធិ៍សាត់ ដើម្បីកុំឲ្យរំខានដល់ប្រជាពលរដ្ឋ អ្នកដំណើរ រួមទាំងអ្នកទេសចរតទៅទៀត៕