ទិន្នន័យក្រសួងហិរញ្ញវត្ថុរបស់ប្រទេសជប៉ុន បានបង្ហាញនៅថ្ងៃចន្ទ ទី២០ ខែកក្កដានេះថា ការនាំចេញរបស់ប្រទេសនេះ បានធ្លាក់ចុះក្នុងអត្រា២៦.២%កាលពីខែមិថុនា ឆ្នាំ២០២០នេះ ដោយសារការឆ្លងរាលដាលវីរុសCovid-19នៅជុំវិញពិភពលោក ដែលនេះបើតាមការចុះផ្សាយរបស់ CNA។
ទិន្នន័យដដែលបានបន្តថា មូលហេតុដែលនាំអោយការនាំចេញធ្លាក់ចុះ គឺដោយសារការបិទប្រទេស និងការធ្លាក់ចុះតម្រូវការផលិតផលនានាដែលត្រូវបាននាំចេញពីប្រទេសជប៉ុន ដែលក្នុងនោះមានផលិតផលអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្ត។
សូមរំលឹកជូនថា កាលពីខែឧសភា ឆ្នាំ២០២០ដដែលនេះ ការនាំចេញទំនិញគ្រប់ប្រភេទរបស់ជប៉ុន ក៏បានធ្លាក់ចុះក្នុងអត្រា២៨.៣%ផងដែរ កាលពីខែឧសភា ដែលជាការធ្លាក់ចុះទាប់បំផុតចាប់តាំងពីចុងឆ្នាំ២០១៩កន្លងមក។
ការធ្លាក់ចុះនូវការនាំចេញពីប្រទេសជប៉ុនទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល៤ខែជាប់គ្នានៃឆ្នាំ២០២០នេះ បានធ្វើអោយជប៉ុនខាតបង់ទឹកប្រាក់ប្រមាណជាង២៦៨.៨ពាន់លានយ៉េន ស្មើនឹងទឹកប្រាក់ប្រមាណជាង២.៥១ពាន់លានដុល្លារអាមេរិក៕