ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ​ ហ៊ុន សែន អញ្ជើញចុះទៅពិនិត្យការបង្កបង្កើនផលស្រូវ និងសំណេះសំណាលជាមួយប្រជាកសិករក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ពិនិត្យមើលការធ្វើស្រែបង្កបង្កើនផល និងសំណេះសំណាលជាមួយប្រជាកសិករក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវនៅព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០នេះ។

មុននឹងអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញពិនិត្យមើលការធ្វើស្រែដោយប្រើគ្រឿងចក្រទំនើបៗដូចជាម៉ាស៊ីនភ្ជួស្រែ ម៉ាស៊ីនរាស់ដី ម៉ាស៊ីនព្រួសស្រូវ ម៉ាស៊ីនស្ទូង និងម៉ាស៊ីនច្រូតស្រូវ ហើយក្នុងឱកាសនោះផងដែរ សម្តេចតេជោក៏បានបញ្ជារគ្រឿងចក្រទាំងអស់នោះដើម្បីស្វែងយល់ពីប្រសិទ្ធភាពការងារ។

យោងតាមរបាយការណ៍ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអោយដឹងថា
ខេត្តតា កែវ ក៏ធ្លាប់ជារាជធានីនគរគោកធ្លោក គឺជាដែនដីមានសក្តានុពលមួយលើវិស័យកសិកម្ម ហើយខេត្តនេះ បានជាប់ចំណាត់ថ្នាក់លេខ៣លើវិស័យកសិកម្ម បន្ទាប់ពីព្រៃវែង និងបាត់ដំបង។

ខេត្តនេះមានប្រជាជនសរុប ១,០១៤,៤៧៣នាក់ ក្នុងនោះ ស្ត្រី ៥១៨,៨៨០នាក់ ដោយមានប្រជាពលរដ្ឋប្រមាណ ៧៩% ពឹងផ្អែកទាំងស្រុងលើវិស័យកសិកម្ម ធ្វើស្រែចម្ការ នេសាទត្រី និងចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពរស់នៅរបស់ខ្លួន។

សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះការធ្វើស្រែចម្ការរបស់បងប្អូនប្រជាកសិករជាពេលបច្ចប្បន្ននេះដែលភាគច្រើនប្រើប្រាស់គ្រឿងចក្រទំនើបៗ។ មុននឹងចាប់ផ្តើម សម្តេចតេជោនាយករដ្ឋមន្ត្រី បានសំណេះសំណាលសួរនាំដល់ប្រជាកសិករមួយចំនួន ដើម្បីបានស្វែងយល់ការលំបាក និងភាពងាយស្រួលក្នុងរបរធ្វើស្រែចម្ការ។

តាមការសាកសួររបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ប្រជាកសិករបានអោយដឹងថា ការធ្វើស្រែនាពេលបច្ចុប្បន្នពិតជាមានភាពងាយស្រួលជាងពីមុន ដោយយើងមានប្រព័ន្ធធារាសាស្ត្រ យើងមានការប្រើប្រាស់គ្រឿងចក្រកសិកម្មទំនើបៗ លឿនរហ័សទាន់ចិត្ត។ ចំពោះផលលំបាកវិញមានដូចជាបញ្ហាតម្លៃស្រូវ, បញ្ហាផ្លូវសម្រាប់ដឹកជញ្ជូន , និងបញ្ហាសត្វល្អិតជាដើម។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការអញ្ជើញមកទីនេះ មិនត្រឹមតែមកច្រូតស្រូវប៉ុណ្ណោះនោះទេ គឺសម្តេចមកនេះ ដើម្បីពិនិត្យមើលពីវឌ្ឍនភាពនៃវិស័យកសិកម្មរបស់ប្រទេសកម្ពុជា។ សម្តេចតេជោ បានមានប្រសាសន៍ថា គោលដៅនៃការនាំចេញស្រូវ១លានតោននៅតែស្ថិតក្នុងគោលដៅអាទិភាពរបស់កម្ពុជា ក្នុងការខិតខំប្រឹងប្រែងបន្តទៀត។

សម្តេចតេជោសង្កត់ធ្ងន់ថា បញ្ហាត្រង់ថា យើងមានមាសហើយ តែខ្វះក្រដាសខ្ចប់ មានន័យថាកន្លងមកនេះ យើងផលិតស្រូវបានហើយតែយើងនៅខ្វះទីផ្សារនាំចេញ, យើងនៅខ្វះខាម៉ាស៊ីនសម្ងួតស្រូវ, និងម៉ាស៊ីនកិនស្រូវ ជាដើម។ ដូច្ចេះហើយទើបកម្ពុជាត្រូវខិតខំស្វែករកទីផ្សារ ខិតខំបង្កើតអោយមាន ម៉ាស៊ីនសម្ងួតស្រូវ, ម៉ាស៊ីនកិនស្រូវ ដើម្បីងាយស្រួលក្នុងការនាំចេញ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ប្រទេសកម្ពុជាយើងបានផ្ទេរពីការអភិវឌ្ឍកសិកម្មតាមបែបទូលំទូលាយ ទៅជាកាអភិវឌ្ឍបែបស៊ីជម្រៅដែលពេល។ នេះជាការធ្វើស្រែចម្ការនាពេលបច្ចុប្បន្នគឺបានប្រើប្រាស់នូវបច្ចេកវិទ្យាថ្មី គ្រឿងកសិកម្មទំនើបៗ ងាយស្រួលជាងកាលពីមុន។

នៅថ្ងៃនេះដែរ សម្តេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តប្រុងប្រយ័ត្នខ្ពស់ការពារកុំអោយឆ្លងជម្ងឺកូវីដ១៩ ដែលមកទល់ថ្ងៃនេះ កម្ពុជាយើងមានករណីឆ្លងថ្មី២៦នាក់ ដែលគួរអោយបារម្ភខ្លាំង។

នៅថ្ងៃនេះ សម្តេចតេជោបានប្រកាសទិញម៉ាស៊ីនព្រួសស្រូវប្រភេទធន់ធំចំនួន១,០០០គ្រឿង និងប្រភេទធន់តូច១,០០០គ្រឿង ។ សម្តេចតេជោនឹងផ្តល់ជូនបងប្អូនប្រជាកសិករចំនួន ១៣០គ្រួសារដែលក្នុង១គ្រួសារទទួលបានម៉ាស៊ីនមួយគ្រឿង។

នៅក្នុងឱកាសនោះដែរសម្តេចតេជោហ៊ុន សែន ក៏បាន ផ្តល់អំណោយអនុស្សវរីយ៍មានជាសម្ភារៈប្រើប្រាស់មួយចំនួន ជាពិសេសសម្ភារៈប្រើប្រាស់ការពារកូវីដ១៩ ស្រូវពូជ និង ថវិកាមួយចំនួនទៀតផង។ ចំពោះព័ត៌មានលំអិតពិស្តារ សូមស្តាប់ការផ្សាយផ្ទាល់ចេញពីផេកផ្លូវការសម្តេចតេជោកាលពីព្រឹកមិញនេះ៕