លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Shin Jongsoo អគ្គនាយកនៃទីភ្នាក់ងារជំរុញពាណិជ្ជកម្ម-ការវិនិយោគកូរ៉េ (KOTRA) ប្រចាំរាជធានីភ្នំពេញ ហើយជំនួបនេះធ្វើឡើងនៅទី២៧ ខែកក្កដា ឆ្នាំ២០២០ដែលជាជំនួបមួយតាមការស្នើឡើងពីលោកបណ្ឌិត Shin Jongsoo ដើម្បីសម្ដែងការគួរសម និងធ្វើការណែនាំខ្លួនក្នុងនាមលោកបណ្ឌិតត្រូវបានតែងតាំងជាអគ្គនាយកថ្មីរបស់ KOTRA ប្រចាំរាជធានីភ្នំពេញ។
ក្នុងជំនួប លោកបណ្ឌិតបានលើកឡើងអំពីទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េលើគ្រប់វិស័យ ជាពិសេស វិស័យពាណិជ្ជកម្ម ដែលមានការកើនឡើងជាលំដាប់។ ដើម្បីជំរុញទំហំពាណិជ្ជកម្ម និងលើកកម្ពស់ទំនាក់ទំនងធុរកិច្ច និងវិនិយោគបន្ថែម លោកបណ្ឌិតបានស្នើសុំធាតុចូល និងការសហការពីសភាពាណិជ្ជកម្មកម្ពុជាក្នុងការជំរុញឱ្យមានការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ស្របតាមគោលនយោបាយពាណិជ្ជកម្មនៃប្រទេសទាំងពីរ។
គួររំលឹកថា ប្រទេសកម្ពុជាគ្រោងនឹងបើកការចរចាផ្លូវការជាមួយសារធារណរដ្ឋកូរ៉េ នៅក្នុងខែកក្កដាខាងមុខនេះ ដើម្បីឈានទៅរកការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា ក្រោយពីភាគីទាំងពីរបានសិក្សាពីលទ្ធភាពជាមួយអស់រយៈពេលជាច្រើនខែ ពោល គឺចាប់តាំងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជានិងកូរ៉េខាងត្បូង បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការចាប់ផ្តើមការសិក្សាលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ នៅសារធារណរដ្ឋកូរ៉េ។
លើសពីនេះ លោកបណ្ឌិតក៏បានជម្រាបអំពីគម្រោងសហការជាមួយសភាពាណិជ្ជកម្មកម្ពុជាក្នុងការរៀបចំជំនួបពាណិជ្ជកម្មរវាងធុរជនកម្ពុជា-កូរ៉េ ដែលគ្រោងនឹងធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ ឬ ដឹកនាំគណៈប្រតិភូមកចូលរួមផ្ទាល់ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរត្រូវបានលេចចេញរូបរាងជាស្ថាពរ។
ចំណែក លោក ឧកញ៉ា ងួន ម៉េងតិច បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះលោកបណ្ឌិត ដែលបានទទួលបេសកកម្មជាអគ្គនាយកថ្មីរបស់ KOTRA ដែលលោកបណ្ឌិតនឹងត្រូវបំពេញតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងធុរកិច្ច និងវិនិយោគរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។
លោកឧកញ៉ាថ្លែងថា តាងនាមឱ្យសភាពាណិជ្ជកម្មកម្ពុជារីករាយស្វាគមន៍ និងគាំទ្រចំពោះគំនិតលើកឡើងរបស់លោកបណ្ឌិតពាក់ព័ន្ធនឹងការជំរុញឱ្យមានការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសារធារណរដ្ឋកូរ៉េ។ ការមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគី នឹងជួយសម្រួលការធ្វើពាណិជ្ជកម្មឱ្យកាន់តែទូលំទូលាយ និងជួយជ្រោមជ្រោងដល់អ្នកនាំចេញ ឬ អ្នកនាំចូលរវាងប្រទេសទាំងពីរ តាមរយៈការផ្តល់ទីផ្សារដៃគូ និងការបន្ថយរបាំងពាណិជ្ជកម្ម។
ទោះបីយ៉ាងណា ដើម្បីសម្រេចបានកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលប្រទេសទាំងពីរដើរតួនាទីយ៉ាងសំខាន់ក្នុងការចរចា ហើយលោកឧកញ៉ាសង្ឃឹមថា ការចរចាលើកិច្ចព្រមព្រៀងនេះ នឹងទទួលបានលទ្ធផលផ្លែផ្កាក្នុងរយៈពេលដ៏ខ្លី ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
