ព្រះវិហារ៖ លោកណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បាន រួមដំណើរជាមួយគណៈ ប្រតិភូ គណៈកម្មការទី៣ នៃរដ្ឋសភាដឹកនាំដោយ លោក ឡូយ សុផាត ប្រធានគណៈកម្មការផែនការវិនិយោគកសិកម្ម អភិវឌ្ឍន៍ជន បទបរិស្ថាន និងធនធានទឹក និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ដើម្បីធ្វើការសិក្សាឈ្វេងយល់ពីសមិទ្ធផល រីកចម្រើន និងបញ្ហាប្រឈមនានារបស់ខេត្ត ដើម្បីដោះស្រាយឱ្យចំគោលដៅ និងបន្តចុះជួបសំណេះសំណាល និងសិក្សាឈ្វេងយល់ពីសមត្ថផលផលិត កសិកម្មបន្លែរបស់កសិករដាំ បន្លែអាជីពនៅភូមិស្ថាពរ ក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។
អ្នកស្រី សោម ឌៀប អ្នកជោគជ័យក្នុងការដាំបន្លែ បានរៀបរាប់ថា ក្រោយពីទទួលបានការជួយឧបត្ថម្ភគាំទ្រពីគម្រោង ឆេន Chain និងមន្ត្រីជំនាញនៃ មន្ទីរកសិកម្ម ខេត្តព្រះវិហារ តាំងពីឆ្នាំ២០១៨មក អ្នកស្រីមានលទ្ធភាពពង្រីកផ្ទៃដីដាំដុះ រហូតដល់ ៧០០០ ម៉ែត្រការ៉េ ក្នុងរដូវប្រាំង និង២៥០០ម៉ែត្រការ៉េ ក្នុងរដូវវស្សា និងរកប្រាក់ ចំណូល សរុប ប្រមាណ៨,៥លានរៀល ក្នុងមួយឆ្នាំ រួមទាំងទម្រង់បែបបទនៃការដាំបន្លែ នៅក្នុងផ្ទះប្លាស្ទិក ផងដែរ។
អំឡុងចុងឆ្នាំ២០១៩ អ្នកស្រី សោម ឌៀប បានទទួល ផ្ទះសំណាញ់ចំនួន១ខ្នងពីកម្ម វិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹង ការប្រែប្រួល អាកាសធាតុ ហៅកាត់ថា (ASPIRE) ដែលមានប្រវែង ១០ម៉ែត្រគុណ នឹង ៣៤ម៉ែត្រ និងឡជីវឧស្ម័នចំនួន១ ពីគម្រោង ឡជីវឧស្ម័ន ក្នុង ក្របខ័ណ្ឌហិរញ្ញប្បទាន ឥតសំណង ពីរាជរដ្ឋាភិបាល នៃសាធារណរដ្ឋ ប្រជាមានិតចិនទៀតនោះ ប្រាក់ចំណូល របស់ អ្នកស្រីក៏បាន កើនឡើងរហូត ដល់ចំនួន ២០លានរៀលក្នុងឆ្នាំ២០១៩។ ដោយឡែកសម្រាប់រយៈពេល៦ខែ នៃឆ្នាំ២០២០នេះ អ្នកស្រី ក៏រកប្រាក់ចំណូលបានប្រមាណជាង១០លានរៀលផងដែរ។
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារបានថ្លែងឱ្យដឹងថា បច្ចុប្បន្ននេះ មន្ទីរកសិកម្មបានខិតខំក្នុងការជំរុញដល់បងប្អូន កសិករដាំបន្លែឱ្យបានច្រើនប្រកបដោយ គុណភាព ដោយបានព្យាយាមបញ្ចូលបច្ចេកទេសថ្មីឱ្យដល់កសិករ ធ្វើយ៉ាងណាឱ្យផលិតកម្មក សិកម្មរបស់ពួកគាត់មានការកើនឡើង ហើយផលិតផលដែលផលិតបានគឺមានទីផ្សារ និងរកផល ចំណេញបានច្រើន។
លោក ឡូយ សុផាត បានលើកទឹកចិត្ត និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែល គម្រោង ASPIRE និងគម្រោង ឆេន Chain ជាពិសេស កសិករគំរូទាំងពីរដែលសម្រេចបាននូវ លទ្ធផលដ៏ល្អប្រសើរ។
លោកប្រធានគណៈប្រតិភូក៏បានជំរុញឱ្យកសិករ ខិតខំបន្ថែមទៀតទាំងការងារ អនុវត្តន៍ និងទ្រឹស្ដី ដើម្បីជាទុនក្នុងការផលិតដំណាំបន្លែផ្សេងៗទៀតធន់ នឹងអាកាសធាតុ ដែល ធានាបានទាំងគុណភាពអនាម័យ និងសុវត្ថិភាពដើម្បីឆ្លើយតបតាមសេចក្តីត្រូវការរបស់អ្នក បរិភោគយើងសព្វថ្ងៃនេះ៕