(ភ្នំពេញ)៖ ភោជនីយដ្ឋាន QK បើកដំណើរការឡើងវិញហើយ ក្រោយពីបានគោរពតាមស្តង់ដារអនាម័យ ការពារជំងឺឆ្លងកូវីដ១៩ ស្តីពី ភោជនីយដ្ឋានទេសចរណ៍ សុវត្ថិភាព ឬវិធានសុវត្ថិភាពទេសចរណ៍ ក្រោមការចុះត្រួតពិនិត្យវាយតម្លៃស្តង់ដារពីប្រធានមន្ទីរទេសចរណ៍ រួមជាមួយមន្រ្តីជំនាញពាក់ព័ន្ធ កាលពីយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០។
នាឱកាសចុះត្រួតពិនិត្យលោក ម៉ម វាសនា ទីប្រឹក្សាក្រសួងទេសចរណ៍ និងជាប្រធានមន្ទីទេសចរណ៍រាជធានីភ្នំពេញ ពិនិត្យឃើញថាភោជនីយដ្ឋាន QK បានរៀបចំដាក់តុអាហារមានគម្លាតពីគ្នា មានម៉ាស៊ីនស្កេនកម្ដៅ នៅច្រកទ្វាចូល និងមានម៉ាស៊ីនសម្លាប់មេរោគទាំងច្រកចេញ ទាំងច្រកចូល និងអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
ជាមួយគ្នានេះលោក ម៉ម វាសនា ក៏បានណែនាំបន្ថែមទាក់ទងនឹងការបើកសម្លេង តន្រ្តី ក្នុងកំរិតមធ្យម ដើម្បីឲ្យត្រូវនឹងស្ដង់ដារ ភោជនីយដ្ឋាន។
លោក សុគន្ធ ថារ៉ាយុ ប្រធានគ្រប់គ្រងភោជនីយដ្ឋាន QK បានឲ្យដឹងថា លោកនឹងគោរពតាមការណែនាំរបស់ក្រសួងជំនាញឲ្យបានភ្ជាប់ភ្ជួន ក្នុងការរៀបចំ គន្លាតសុត្ថិភាព ជូនដល់ភ្ញៀវដែលបានចូលមកភោជនីយដ្ឋាន QK បើតាមលោក សុគន្ធ ថេរ៉ាយុ ភោជនីយដ្ឋាន QK ក៏បានបញ្ជារទិញ ម៉ាស៊ីនស្គែនចាប់កំដៅពីបរទេសដើម្បីធានាសុត្ថិភាពជូនភ្ញៀវផងដែរ។
នាឱកាសនោះ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍រាជធានីភ្នំពេញ បានចុះចែកសេចក្តីណែនាំ ស្តីពីការអនុវត្តបរិស្ថានគ្មានផ្សែងបារីតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ ក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
ក្រោយពីក្រុមការងារជំនាញបានចុះត្រួតពិនិត្យប្រព័ន្ធសុវត្ថភាព និងបានធ្វើការណែនាំរួចរាល់លោក ម៉ម វាសនា ក៏បានអនុញ្ញាត្តិឲ្យ ភោជនីយដ្ឋាន QK មានទីតាំងស្ថិតសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ បើកដំណើរការចាប់ពីថ្ងៃនេះតទៅ។
ដោយឡែកលោក សួង រាវុធ អ្នកចាត់ការទូទៅក្នុងភោជនីដ្ឋាន QK សម្តែងការរីករាយបានចូលបំរើការងារវិញ និងដើម្បីទទួលបានចំណូលជួយផ្តត់ផ្គង់គ្រួសារបន្ថែមទៀត៕