ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក​​ កៅ កោសល រៀបចំកិច្ចប្រជុំពិភាក្សាកិច្ចការពិព័រណ៍ និង​​ការអនុវត្តការងារកន្លងទៅផែនការសកម្មភាពឆ្នាំ២០២០

ភ្នំពេញ៖ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម មានរៀបចំកិច្ចប្រជុំពិភាក្សាការងារមួយស្តីពីសកម្មភាពនិងវឌ្ឍនភាពការងារនៃនាយកដ្ឋានកិច្ចការពិព័រណ៍ លោក​​ កៅ កោសល អគ្គនាយកជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីលោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន និងលោក-លោកស្រី ប្រធានការិយាល័យ នៃនាយកដ្ឋានកិច្ចការពិព័រណ៍។

កិច្ចប្រជុំនេះ ធ្វើ​ឡើងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ គឺក្នុងគោលបំណងពិនិត្យឡើងវិញនូវការងារស្នូលនៃកិច្ចការពិព័រណ៍ ការអនុវត្តការងារកន្លងទៅ ផែនការសកម្មភាពឆ្នាំ២០២០ វឌ្ឍនភាពការងារពីដើមឆ្នាំ២០២០ រហូតដល់ ខែសីហាឆ្នាំ២០២០ និងទិសដៅបន្តសកម្មភាពការងាររបស់នាយកដ្ឋានចាប់ពីខែកញ្ញា រហូតដល់ខែធ្នូ ឆ្នាំ២០២០។

ខ្លឹមសារ ទី​​១- ការងារស្នូលរបស់នាយកដ្ឋាន ដែលសង្ខេបដោយ លោកប្រធាននាយកដ្ឋានកិច្ចការពិព័រណ៍ ទី២- ការអនុវត្តការងារកន្លងទៅ ផែនការសកម្មភាពឆ្នាំ២០២០ វឌ្ឍនភាពការងារពីដើមឆ្នាំ២០២០ រហូតដល់ ខែសីហាឆ្នាំ២០២០ និងទិសដៅបន្តសកម្មភាពការងាររបស់នាយកដ្ឋានចាប់ពីខែកញ្ញា រហូតដល់ខែធ្នូ ឆ្នាំ២០២០។

ទី៣- ចំណុចពិភាក្សាសំខាន់ៗ៖ ការងារពិព័រណ៍ចិន-អាស៊ាន (ណាននីង) ពិព័រណ៍នាំចូលអន្តរជាតិចិន (សៀងហៃ) ពិព័រណ៍ពិភពលោកនៅឌុយបៃ ពិព័រណ៍ធំៗក្នុងស្រុក ការរៀបចំផ្សារចុងសប្តាហ៍ ការរៀបចំកែសម្រួលលិខិតបទដ្ឋានគតិយុត្តិផ្សេងៗ ការចេញលិខិតអនុញ្ញាតរៀបចំពិព័រណ៍ក្នុងស្រុកនិងអធិការកិច្ច ការរៀបចំដំណើរការគេហទំព័រអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនិងក្រុម PR ឡើងវិញ គម្រោងជួបប្រជុំពិភាក្សាការងារជាមួយដៃគូពាណិជ្ជកម្ម ដូចជា JETRO KOTRA VIETRADE និងបញ្ហាប្រឈមផ្សេងៗ

ចំណុចទី៤- ជាលទ្ធផល ឯកឧត្តមអគ្គនាយក បានទទួលយកមតិនិងសំណូមពររួមនៃកិច្ចប្រជុំពិភាក្សាដូចខាងលើ និងជួយជំរុញដោះស្រាយបញ្ហាប្រឈមដែលមានកន្លងមកនិងបញ្ហាដែលអាចនឹងកើតឡើងនៅថ្ងៃខាងមុខ។ ឯកឧត្តមអគ្គនាយក ជំរុញឱ្យកែសម្រួលលិខិតបទដ្ឋាន​គតិយុត្តិនានាឱ្យបានឆាប់ និងជំរុញដល់មន្ត្រីពាក់ព័ន្ធត្រូវអនុវត្តតាមប្រកាសឱ្យមានប្រសិទ្ធិភាពចំពោះការងារចុះអធិការកិច្ច។

លោកអគ្គនាយក នឹងទទួលជួបពិភាក្សាជាមួយទីភ្នាក់ងារពាណិជ្ជកម្មដូចជា JETRO KOTRA និង VIETRADE ជាដើម ដើម្បីជួយជំរុញការងារជំរុញពាណិជ្ជកម្មឱ្យកាន់តែមានភាពរីកចម្រើនថែមទៀត ជាពិសេសវិស័យពិព័រណ៍ក្នុងស្រុក។ ទាក់ទងនឹងសកម្មភាពរៀបចំពិព័រណ៍ក្នុងស្រុកនេះដែរ ឯកឧត្តមអគ្គនាយក មានគម្រោងចង់រៀបចំកម្មវិធី BUYER FORUM និងសកម្មភាពជំរុញពាណិជ្ជកម្មថ្មីៗទៀត ក្នុងឱកាសរៀបចំពិព័រណ៍កម្រិតអន្តរជាតិក្នុងខែធ្នូឆ្នាំ២០២០ខាងមុខ។

លើសពីនេះ លោក​​អគ្គនាយកក៏មានគម្រោងចង់បង្កើត SHOWROOMS នៅក្នុងទីស្តីការក្រសួងពាណិជ្ជកម្ម ឱ្យបានក្នុងដំណាច់ឆ្នាំ២០២០​ផង​ដែរ ដែលកិច្ចការលម្អិត នឹងត្រូវជួបប្រជុំពិភាក្សាគ្នាក្នុងខែកញ្ញា ឆ្នាំ២០២០។