លោករដ្ឋមន្រ្តី វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យក្រុមហ៊ុន Supper App ដឹកនាំដោយលោក ប៉ាត់ ចំណាន (ស្ថាបនិក) និងសហការីមួយចំនួនទៀត ដើម្បសម្តែងការគួរសម និងស្នើសុំយោបល់អំពីកិច្ចសហការលក់ផលិតផលកសិកម្មតាមអនឡាញ (Online) ហើយជំនួបនេះធ្វើឡើងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
លោក ប៉ាត់ ចំណាន បានរាយការណ៍ជូន រដ្ឋមន្ត្រីជ្រាបអំពីតួនាទីរបស់ក្រុមហ៊ុន គឺជំរុញការលក់ផលិតផលកសិកម្មតាម Online សេវាដឹកជញ្ជូនទំនិញ និងម៉ូតូកង់បី ។ សម្រាប់កម្មវត្ថុសំខាន់នាពេលនេះគឺស្នើសុំកិច្ចសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដោយធ្វើការតភ្ជាប់ជាមួយ www.maff.gov.kh, camagrimarket, khmeragri.info និង amish.org.kh ដែលសុទ្ធតែជាបណ្តាញព័តមានស្តីអំពីកសិកម្ម និងទីផ្សារកសិផលរបស់ក្រសួងក្នុងបំណងជួយផ្សព្វផ្សាយ លក់ផលិតផលកសិកម្ម និងផ្តល់សេវាដឹកជញ្ជូនកសិផលជូនអតិថិជន។
លោករដ្ឋមន្ត្រី វេង សាខុន បានស្វាគមន៍ និងគាំទ្រចំពោះគោលបំណងនេះ និងបានជម្រាបជូនក្រុមហ៊ុនផងដែរអំពីសក្តានុពលនៃផលិតផលកសិកម្មនាពេលបច្ចុប្បន្ន បញ្ហាទីផ្សារ និងជាពិសេសផ្តល់ព័ត៌មានសំខាន់ៗទាក់ទងទីផ្សារ និងតម្លៃកសិផល ដែលត្រូវរុញឲ្យដល់អ្នកផលិត កសិករ និងសហគមន៍ ក្នុងគោលដៅសាងស្ពានចំលងរវាងអ្នកផលិត ឈ្មួញកណ្តាល និងចុងក្រោយគឺអ្នកបរិភោគ។
ម៉្យាងទៀត ក៏ជួយផ្សព្វ ផ្សាយបច្ចេកទេស ការបញ្ជាទិញ ការបញ្ជាឲ្យផលិត និងការទទួលត្រឡប់មកវិញនូវរាល់បញ្ហាពាក់ព័ន្ធ ហើយពិតណាស់បើយើងធ្វើបាន នោះយើងអាចឈានទៅធ្វើការប្រកួតប្រជែង បង្កើនតម្លៃបន្ថែម និងនិរន្តរភាពនៃការផលិតសម្រាប់ផ្គត់ផ្គង់ធានាបានទាំងបរិមាណ និងគុណភាព ស្របតាមបរិបទនៃការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និងនវានុវត្តន៍។
ចំពោះសំណើសុំកិច្ចសហការខាងលើ រដ្ឋមន្ត្រីបានឯកភាព និងគាំទ្រ ហើយបានណែនាំឲ្យក្រុមហ៊ុនធ្វើទំនាក់ទំនងជាមួយមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្មកម្ពុជា និងគម្រោងកម្មវិធីផ្សេងដែលទាក់ទងវិស័យកសិកម្ម ដើម្បីធ្វើការពិភាក្សាលម្អិតជាមួយក្រុមការងារជំនាញអំពីភារកិច្ចសំខាន់ៗមុនឈានទៅចុះកិច្ចសន្យាអនុវត្តកម្មវិធីនេះផងដែរ។