ស្ថាប័នគយរបស់ប្រទេសកូរ៉េខាងត្បូង បានបង្ហាញទិន្នន័យមួយនៅថ្ងៃអង្គារ ទី១១ ខែសីហានេះ អំពីការធ្លាក់ចុះនូវការនាំចេញរបស់ប្រទេសនេះរហូតដល់២៤%ក្នុងរយៈពេល១០ថ្ងៃនៃខែសីហា ឆ្នាំ២០២០នេះ ដែលជាការធ្លាក់ចុះទាបបំផុត ដែលនេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap ។
ទិន្នន័យពីស្ថាប័នគយដដែលបានបន្តថា ប្រទេសនេះទទួលបានប្រាក់ចំណូលប្រមាណ៨.៧ពាន់លានដុល្លារអាមេរិកពីការដឹកជញ្ជូនក្រៅប្រទេសក្នុងរយៈពេលដូចគ្នានេះ ដែលជាប្រាក់ចំណូលទាប បើប្រៀបធៀបនឹងប្រាក់ចំណូលប្រមាណ១១.៤ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩កន្លងទៅ ។
ការនាំចេញប្រចាំថ្ងៃជាមធ្យមក្នុងរយៈពេល១០ថ្ងៃនៃខែសីហានេះ បានធ្លាក់ចុះ១៣% ដែលមានចំនួនទឹកប្រាក់ប្រមាណ១.២៥ពាន់លានដុល្លារពីទឹកប្រាក់ប្រមាណ១.៤៣ពាន់លានដុល្លារ ដែលប្រទេសនេះទទួលបានក្នុងរយៈពេល១ថ្ងៃពីការនាំចេញ ៕