(ខេត្តរតនគិរី)៖ មន្ត្រីសាខា ក.ប.ប ខេត្តរតនគិរី ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មផ្សារ បាននបន្តចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់នៅផ្សារបានលុងស្ថិតក្នុងក្រុងបានលុង ខេត្តរតនគិរី កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នេះ ។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការវិភាគបឋមទៅលើគំរូម្ហូបមួយចំនួនដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្រ្តីសាខា ក.ប.ប ខេត្តរតនគិរី បានធ្វើតេស្តរកកំហាប់អីយ៉ូតក្នុងអំបិលផងដែរ។
ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញងៀតបបែលមានផ្ទុកសារធាតុគីមីហាត់ឃាត់ សរុបចំនួន ១.១៥ គីឡូក្រាម។ មន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតផលិតផលទាំងនោះ រក្សាទុកដុតកម្ទេចចោលនាពេលក្រោយតាមនីតិវិធី។ និងបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕