ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រយៈពេល ០៧ខែឆ្នាំ២០២០នេះ ចំណូលពន្ធ-អាករគ្រប់ប្រភេទបាន​​​ប្រមាណជា ១៩៤.១៣លានដុល្លារអាមេរិកស្មើនឹង ៦.៨១%នៃផែនការប្រចាំឆ្នាំ

ភ្នំពេញ៖ យោងតាមរយបាយការណ៍របស់ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារនៅ​​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ២០២០ បង្ហាញ​​ថា ក្នុងខែកក្កដា ឆ្នាំ២០២០ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ ចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ)មានចំនួន ៧៨៦.២៤ប៊ីលានរៀល (ប្រមាណជា ១៩៤.១៣លានដុល្លារអាមេរិក) ស្មើនឹង ៦.៨១% នៃផែនការប្រចាំឆ្នាំ បើធៀបនឹងចំណូលពន្ធ-អាករប្រចាំខែកក្កដា ឆ្នាំ២០១៩ ឃើញថាថយចុះចំនួន ៧៥,៧១ប៊ីលាន​​រៀល (ប្រ​មាណជា ១៦.២២លានដុល្លារអាមេរិក) ស្មើនឹង ៧.៧១%។
លោក គង់ វិបុល បញ្ជាក់ថា សរុបរយៈពេល ០៧ខែ ឆ្នាំ២០២០ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៧ ៦០៥.៤៦ ប៊ីលានរៀល (ប្រមាណជា ១ ៨៧៧.៨៩លានដុល្លារអាមេរិក) ស្មើនឹង ៦៥.៨៩% នៃផែនការប្រចាំឆ្នាំ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ឃើញថាកើនឡើងចំនួន ៦៧០.១១ ប៊ីលានរៀល (ប្រមាណជា ១៦៥.៤៦ លានដុល្លារអាមេរិក) ស្មើនឹង ៩.៦០%។

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល ០៧ខែ ឆ្នាំ២០២០ ចំណូលពីប្រភេទពន្ធ ០២ នៅរក្សាកំណើនក្នុងនោះ អាករលើតម្លៃបន្ថែមកើនឡើង ៣.​​១៧% ​​​និងពន្ធលើប្រាក់ចំណូលកើនឡើង ២២.៧១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ។

សម្រាប់ឆ្នាំ២០២០ នេះ ដើម្បីធានានូវប្រសិទ្ធភាពក្នុងការអនុវត្តការប្រមូលចំណូលពន្ធបានគ្រប់តាមផែនការច្បាប់ ចំនួនប្រមាណ ១១ ៥៤៣.​៣១ ប៊ីលានរៀល (ប្រមាណ ២ ៨៨៥.៨៣ លានដុល្លារអាមេរិក) អគ្គនាយកដ្ឋានពន្ធដារនឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធ​ភាពខ្ពស់ថែមទៀតនូវគោល នយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ព្រមទាំងដាក់ចេញនូវវិធានការមួយចំនួនផងដែរ​។​​

លើសពីនេះ​ ​​ដើម្បីជំរុញឲ្យ​មានប្រសិទ្ធភាពក្នុងការប្រមូលពន្ធនោះត្រូវតែ បន្តផ្សព្វផ្សាយនិងអនុវត្តការប្រមូលពន្ធលើអចលនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងពន្ធលើមធ្យោបាដឹកជញ្ជូននិង យានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២០ បន្តអនុវត្តវិធានការចាំបាច់នានាដូចមានកំណត់ក្នុងសារា​ចរណែ នាំស្តីពីការអនុវត្ត ច្បាប់ស្ដីពីហិរញ្ញវត្ថុឆ្នាំ ២០២០ និងយុទ្ធសាស្រ្តកៀគរចំណូល ឆ្នាំ២០១៩-២០២៣។

សំរិត