ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោនាយករដ្ឋមន្ត្រីព្រមានបន្តចាប់អ្នកនិយាយបំភ្លៃការពិតពាក់ព័ន្ធបញ្ហារឿងព្រំដែនកម្ពុជា-វៀតណាម

ភ្នំពេញ ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងពិធីបើកសម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» នៅសង្កាត់ព្រែកតាសេក នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ដោយសម្តេចបានព្រមានបន្តចាប់ អ្នកនិយាយបំភ្លៃការពិត ពាក់ព័ន្ធបញ្ហារឿងព្រំដែន កម្ពុជា-វៀតណាម សម្តេចព្រោះថា រឿងព្រំដែនមិនមែនជា ការតស៊ូមតិឡើយ ប៉ុន្តែរឿងជាផ្លូវច្បាប់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី២៧ សីហា ខាងមុខនេះ សម្ដេច ទៀ បាញ់ ឧបនាយក រដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងការពារជាតិ នឹងចុះចែកផែនទី ដល់ខេត្តជាប់ព្រំដែនជាមួយវៀតណាម។

សម្ដេចតេជោថ្លែងថា «សូមផ្ញើសារ (ទៅក្រុមប្រឆាំង) ចេញមកប៉ុន្មានចាប់ប៉ុណ្ណឹង រឿងទល់ ដែន អត់ឲ្យមានរញ៉េរញ៉ៃ កុំថា រដ្ឋាភិបាល ហ៊ុន សែន ផ្ដាច់ការ ហើយនេះមិនមែនជាការតស៊ូមតិទេ ។ ខ្លះចេញមកថា នេះជាការតស៊ូមតិ អត់តស៊ូមតិទេ នេះជារឿងផ្លូវច្បាប់ សុទ្ធសាត ព្រោះនេះមិនមែនជា ការដែលត្រូវបញ្ចេញមតិឡើយ»។

សម្ដេច រំលឹកថា កាលចាប់ លោក ហុង សុខហួរ និងលោក អុំ សំអាន ក្នុងឋានៈជាសមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋសភា ក៏ចាប់ក្នុងបទល្មើជាក់ស្ដែងដែរ ហើយអ្នកណានិយាយថា វៀតណាម បោះបង្កោលព្រំដែនចូលដីកម្ពុជា គឺត្រូវចាប់បទល្មើជាក់ស្ដែង។

សម្ដេចតេជោ ចោទសួរក្រុមប្រឆាំងថា ស្នេហាជាតិអីតែខ្លួនឯង តើព្រះមហាក្សត្រ រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល មិនមែនអ្នកស្នេហាជាតិទេអី? សម្ដេចថា បញ្ហាព្រំដែនមិនមែនលើមាត់ពួកក្រុមប្រឆាំង ឡើយ គឺនៅលើការចចាររវាង ប្រទេសនឹងប្រទេស ហើយត្រូវបានធានាដោយច្បាប់អន្ដរជាតិ មិនមែន ធានាដោយមាត់ពួកអ្នកឯងទេ។ជាងនេះទៅទៀត សម្ដេចតេជោ ក៏បានផ្ដាំផ្ញើទៅពួកក្រុមប្រឆាំងថា ទោះបីគុកមានកន្លែងចង្អៀតពិតមែន ប៉ុន្ដែកន្លែងដាក់ពួកអ្នកឯងគ្មានបញ្ហាទេ។

សម្តេចនាយករដ្ឋមន្ដ្រីបានមានប្រសាសន៍ថា តើអង្គការខុមហ្វ្រែល ក្រុមវិទ្យុបរទេស ផ្សាយជាខេមរភាសា និងអង្គការសិទ្ធិមនុស្សនានា ផ្សាយលទ្ធផ្សាយលទ្ធផលស្ទង់មតិលើការចាប់ខ្លួន លោក រ៉ុង ឈុន ដែរឬយ៉ាងណា?។បើអង្គការខុមហ្វ្រែល

វិទ្យុបរទេស ផ្សាយខេមរភាសា និងអង្គការ សិទ្ធិមនុស្ស ព្រមទាំងក្រុមប្រឆាំង មិនផ្សាយលទ្ធផលស្ទង់មតិនេះ គឺជា «តិរិច្ឆាន»។

សូមជម្រាបថា លោក រ៉ុង ឈុន និងលោក សួង សុភ័ណ្ឌ ត្រូវបានតុលាការរាជធានីភ្នំពេញ សម្រេចឃុំ ខ្លួនជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «ញុះញង់ បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម» ។ ព្រមទាំងចាប់អ្នកពាក់ព័ន្ធមួយទៀត ក្រោយពួកគេទាមទារឲ្យអាជ្ញាធរដោះលែង លោក រ៉ុង ឈុន។