អ្នកជំនាញខាងយោធាអាមេរិក បាននិយាយថា នៅឆ្នាំ២០៣៥ខាងមុខនេះ ចិននឹងក្លាយជាប្រទេសនាំមុខគេខាងកងទ័ពជើងទឹក ដោយប្រទេសនេះ នឹងមាននាវាដឹកយន្តហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរចំនួន៤គ្រឿងបន្ថែមទៀត ដែលអាចនាំមុខគេលើពិភពលោកខាងកងទ័ពជើងទឹក ។
អ្នកជំនាញដដែលបានបន្ថែមថា នៅពេលបច្ចុប្បន្ននេះ ចិនបានគ្របដណ្តប់រួចជាស្រេចហើយ នូវឥទ្ធិពលយោធាលើតំបន់អាស៊ី ហើយចិនក៏កំពុងគ្រប់ដណ្តប់ឥទ្ធិពលយោធាលើប្រទេសស៊ីរី លីប៊ី យេមែន អាហ្វហ្កានិស្ថាន ប៉ាគិស្ថាន សុម៉ាលី និងប្រទេសហ្វីលីពីនផងដែរ ។
សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋរបស់សហរដ្ឋអាមេរិក លោក James Inhofe បានចោទប្រកាន់មេដឹកនាំរបស់ប្រទេសចិន ពីបទរៀបចំឲ្យមានសង្គ្រាមលោកលើកទីបី តាមរយៈការបង្កើនសមត្ថភាពលើវិស័យការពារជាតិរបស់ខ្លួន ។
លោក James Inhofe បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានធ្វើទំនើបកម្ម យ៉ាងខ្លាំងខាងគ្រឿងសព្វាវុធរបស់ខ្លួន មានដូចជានាវាដឹកយន្តហោះចម្បាំងថ្មី មីស៊ីលល្បឿនលឿនជាង សម្លេង និងប្រព័ន្ធបច្ចេកវិទ្យាខាងយោធាជាដើម ៕