ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ខេត្តកំពង់ចាម រួមជាមួយក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ចាត់វិធានការគ្រប់គ្រង និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

កំពង់ចាម៖ នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩ខេត្តកំពង់ចាម បានទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូក្រសួងសុខាភិបាល និងមកពីអង្កការសុខភាពពិភពលោក ដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងលោកស្រីវេជ្ជបណ្ឌិត Li Ailan ប្រធានអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា។

ក្នុងជំនួបពិភាក្សានេះ មានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត មន្ទីរសុខាភិបាលខេត្ត មន្ទីរធម្មការ និងសាសនាខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួននៅសាលប្រជុំសាលាខេត្ត។

គោលបំណងនៃដំណើរទស្សនកិច្ចរបស់ប្រតិភូក្រសួងសុខាភិបាល គឺដើម្បីពិនិត្យ វាយតម្លៃលើការគ្រប់គ្រង និងការអនុវត្តវិធានការការពារ និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម។ 

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានផ្ដល់ជាអនុសាសន៍ និងការណែនាំដល់រដ្ឋបាលខេត្ត ក្នុងឱកាសប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌខាងមុខនេះ ដោយត្រូវជំរុញ អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្ត ត្រូវបន្តផ្សព្វផ្សាយសារាចរណែនាំរបស់ក្រសួងធម្មការ និងសាសនា និងសារាចរណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការបង្ការ និងការពារការឆ្លងនូវ ជំងឺកូវីដ-១៩  ដល់ប្រជាពលរដ្ឋទូទៅ ដែលជាពុទ្ធសាសនិក និងគណៈកម្មការគ្រប់វត្តអារាម អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារទប់ស្កាត់កូវីដ-១៩ ដែលក្រសួងសុខាភិបាលបានដាក់ចេញឱ្យអនុវត្តនាពេលកន្លងមក ដើម្បីចូលរួមទប់ស្កាត់ ការចម្លងចូលក្នុងសហគមន៍។

ក្នុងឱកាសនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាន៍ថា សម្រាប់ខេត្តកំពង់ចាម បានចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តកំពង់ចាម។ ជាមួយគ្នានេះដែ រដ្ឋបាលខេត្ត ក៏បានណែនាំដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ឲ្យបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយនូវសារាចរណែនាំរបស់ក្រសួងធម្មការ និងសាសនា និងសារាចរណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅគ្រប់ទីវត្តអារាម។

គួរបញ្ចាក់ថា រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំមណ្ឌលចត្តាឡីស័កកម្រិត២នៅក្នុងទីរួមខេត្ត មានចំនួន០២កន្លែង គឺអតីតសណ្ឋាគារមេគង្គ មានបន្ទប់ចំនួន៧១បន្ទប់ ដែលអាចដាក់មុខសញ្ញាចត្តាឡីស័កបានចំនួន១៤២នាក់ និង អគារអន្តេវាសិក ដែលជាអំណោយដ៏ថ្លៃថ្លាររបស់សម្តេចតេជោ ហ៊ុន សែន ស្ថិតក្នុងបរិវេណមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម មានចំនួន៤០បន្ទប់ ដែលអាចដាក់មុខសញ្ញាចត្តាឡីស័ក បានចំនួន១២០នាក់។

ដោយឡែកគិតត្រឹមថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ ពលរដ្ឋដែលទើបនឹងវិលត្រឡប់មកពីបរទេស និងបានស្នាក់នៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ មានចំនួន៤.២៩៦នាក់ ក្នុងនោះបានផុតការតាមដានសុខភាព ចំនួន៤.២១២នាក់ និងបានសមាហរណកម្មពួកគាត់ ទៅក្នុងសហគមន៍ និងគ្រួសារវិញ៕