ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវឲ្យពុទ្ធបរិស័ទ្ធ ត្រូវបន្តរក្សាការប្រុង ប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ.១៩ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ។
លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយរាជធានីភ្នំពេញ បានអំពាវនាវបែបនេះ ខណៈ លោកជំទាវ បានអញ្ជើញចូលរួមពិធីរាប់បាត្រ ដាឆ្លងបុណ្យកាន់បិណ្ឌវេណទី៦ និងបាននាំយកទេយ្យវត្ថុ និងថវិកាទៅប្រគេនដល់ព្រះសង្ឃ នៅវត្តចំនួន៥ គឺវត្តមុន្នីប្រសិទ្ធិវង្ស វត្តអង្គសិរីសួស្តី វត្តច័ន្ទបុរីវង្ស វត្តសុវណ្ណវារី និងវត្តមហានន្ទិយនេរញ្ចរារាមនិវេទ ឬ(វត្តព្រែកប្រាំង) ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៥ នៃខេត្តកណ្តាល និងរាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០។
ពិធីប្រារព្ធកាន់បិណ្ឌត្រូវធ្វើឡើងចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ជា កាលបរិច្ឆេទ ដែលសន្មតទុកថាជា ថ្ងៃ បុ ណ្ឌភ្ជុំបិណ្ឌ។ នៅថ្ងៃនោះមហាជន ប្រុស ស្រី ក្មេង ចាស់នៅទូទាំង ប្រទេស កម្ពុជានាំគ្នា ទៅ ធ្វើបុណ្យនៅវត្តដោយ មានទឹកមុខ រីករាយ ស្រស់ស្រាយពោរពេញទៅដោយ ជំនឿ ជឿជាក់ ចំពោះព្រះពុទ្ធ សាសនា ជឿបុណ្យជឿបាបជឿកម្មផល ។ ទាំងអស់គ្នាសសុទ្ធតែមានសម្លៀក បំពាក់ល្អៗ ថ្មីៗ យ៉ាងប្រណីត។ ថ្ងៃនេះ នៅគ្រប់វត្តទូទាំង ប្រទេសមាន ឧបាសក ឧបាសិកា មហាជន មូលមីរគ្រឹកគគ្រេងធ្វើឱ្យបរិយាកាសនៅក្នុងវត្តមានភាពឱឡារិកអធិកអធមក្រៃលែងសំឡេងភ្លេងពិណពាទ្យឬ ភ្លេងប្រពៃណីបានបន្លឺរងំរណ្តំពីរោះត្រជាក់ដល់សោតិ ន្ទ្រិយារម្មណ៍និគួរឱ្យរំភើបរីករាយ ពន់ ប្រមាណ ។
កម្មវិធីសំខាន់បំផុតនាថ្ងៃនេះគឺវេរ ប្រគេន យាគូ ឬ ចង្ហាន់ ព្រឹកចង្ហាន់ថ្ងៃត្រង់ចំពោះ ព្រះសង្ឃទន្ទឹមនឹងពិធីរាប់បាតជាទ្រង់ទ្រាយធំ ។ ព្រះសង្ឃស្វាធ្យាយ ធម៌ បង្សុកូលឧទ្ទិស កុសលមគ្គផលចំពោះវិញ្ញាណក្ខន្ធអតីតបុព្វបុរស ជីដូនជីតាញាតិការទាំងប្រាំពីរសន្តាននិងសូមប្រសិទ្ធពរស័ព្ទសាធុការសុខចម្រើនមក កូនចៅ ឯក្រោយវិញ ។
លោកស្រី កិត្តិសង្គហបណ្ឌិត ក៏បានបួងសួង បួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាថ្នាក់ដឹកនាំ សមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស។
លោកស្រី សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត។ ជាមួយគ្នានេះដែរ លោកជំទាវ ក៏បានអំពាវនាវឲ្យប្រជាពុទ្ឋបរិស័ទទាំងអស់គ្នា ចូលរួមគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍រក្សាអនាម័យឲ្យបានល្អ រួមជាមួយនឹងវិធានការនានា ដែលបានកំណត់របស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ នៃរលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជម្ងឺដ៏កាចសាហាវមួយនេះ៕