ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក សុខ សុភ័ក្ដ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ចូលរួមក្នុងសិក្ខាសាលាស្ដីពីការចរចាពាណិជ្ជកម្ម

ក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងពាណិជ្ជកម្ម សិក្ខាសាលាស្តីពីការចរចាពាណិជ្ជកម្ម បានរៀបចំឡើងដោយគម្រោងគាំទ្រសមាហរណកម្មតំបន់អាស៊ាន ជំនួយពាណិជ្ជកម្មកម្ពុជា (ARISE+Cambodia)នៅថ្ងៃទី១០-១១ ខែកញ្ញា ឆ្នាំ២០២០ ។ សិក្ខាសាលារយៈពេល ២ថ្ងៃនេះ បានប្រព្រឹត្តទៅ តំណាង លោក​  សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងស្ថានទូតអាល្លឺម៉ង់ និងសហភាពអឺរ៉ុបប្រចាំកម្ពុជា។
លោក​​រដ្ឋលេខាធិការ បានជម្រាបជូនពីប្រវត្តិនៃការចូលរបស់កម្ពុជាជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក ដោយកម្ពុជាជាប្រទេសអភិវឌ្ឍន៍តិចតួចដំបូងបង្អស់ដែលបានក្លាយជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ២​០០​៤។

នៅក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគីនេះ កម្ពុជាបានបង្កើនសមត្ថភាពរបស់ខ្លួនបន្តិចម្ដងៗ ហើយនៅឆ្នាំ ២០១៧កម្ពុជាបាន​ដើរតួជាអ្នកសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅអង្គការពាណិជ្ជកម្មពិភពលោក ព្រមទាំងបានដឹកនាំក្រុមប្រ​ទេសនេះក្នុងសន្និសីទថ្នាក់រដ្ឋមន្រ្តីអង្គការពាណិជ្ជកម្មពិភពលោកលើកទី១១ នៅប្រទេសអាហ្សង់ទីនផងដែរ។

ទោះជាយ៉ាងនេះក្ដី លោករដ្ឋលេខាធិការ បានជម្រាបជូនពីសារៈសំខាន់ក្នុងការបន្តអភិវឌ្ឍន៍សមត្ថភាពក្នុងការចរចាពាណិ​ជ្ជកម្ម ជាពិសេសក្នុងខណៈពេលដែលកម្ពុជាកំពុងតែចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយនឹងដៃគូ ដែលទាម​ទាឲ្យកម្ពុជាធ្វើការត្រៀមខ្លួនឲ្យបានច្បាស់លាស់ទាំងគោលដៅនយោបាយ ការវិភាគផលចំណេញនិងផលប៉ះពាល់ យុទ្ធសាស្ត្រចរចា និង សមត្ថភាពចរចារបស់មន្ត្រីចរចាផ្ទាល់ ដើម្បីទាញយកផលប្រយោជន៍ឲ្យបានពេញលេញពីការចរចា។

ដូចនេះ សិក្ខាសាលាស្តីពីការចរចារពាណិជ្ជកម្មនេះ គឺជាការអន្តរាគមន៍ទាន់ពេលវេលាមួយសម្រាប់កម្ពុជា ក្នុងការពង្រឹង និងពង្រីកសមត្ថភាពចរចារបស់កម្ពុជា។ សិក្ខាសាលានេះជាផ្នែកមួយនៃគម្រោងក្រោមជំនួយហិរញ្ញវត្ថុពីសហភាពអឺរ៉ុបប្រចាំកម្ពុជា និងក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍អាល្លឺម៉ង់ (BMZ) ដោយមានអ្នកចូលរួមសរុបជាង ១០០នាក់មកពីក្រសួង និងស្ថាប័នពាក់ព័ន្ធ មួយចំនួន៕