ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុន Mitsubishi Motors របស់ប្រទេសជប៉ុន ចង់ឲ្យបុគ្គលិកចូលនិវត្តន៍មុនកាលកំណត់

ក្រុមហ៊ុន Mitsubishi Motors ដែលជាក្រុមហ៊ុនផលិតរថយន្តធំមួយរបស់ប្រទេសជប៉ុន កំពុងស្វែងរកការដាក់បុគ្គលិកក្នុងស្រុកប្រមាណជាង៥០០នាក់ឲ្យចូលនិវត្តន៍មុនកាលកំណត់ ខណៈដែលក្រុមហ៊ុននេះព្យាយាមស្រោចស្រង់អាជីវកម្មរបស់ខ្លួនឡើងវិញ ក្រោយពីបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការឆ្លងរាលដាលវីរុសCovid-19នៅក្នុងប្រទេសជប៉ុន និងនៅជុំវិញពិភពលោក នេះបើតាមការចុះផ្សាយរបស់ NHK ។

សារព័ត៍មាន NHK ដដែលបានឲ្យដឹងថា ក្រុមហ៊ុន Mitsubishi Motors មានបំណងឲ្យបុគ្គលិកដែលមានអាយុចាប់ពី៤៥ឆ្នាំឡើងទៅចូលនិវត្តន៍មុនកាលកំណត់នៅពេលខាងមុខ ដែលជាយុទ្ធសាស្ត្រមួយក្នុងការកាត់បន្ថយការចំណាយរបស់ក្រុមហ៊ុន ខណៈដែលក្រុមហ៊ុនននេះ បានខាតបង់ទឹកប្រាក់យ៉ាងច្រើនសម្បើមក្នុងរយៈពេលជាង២ត្រីមាសកន្លងមកនេះ ។

សូមបញ្ជាក់ជូនថា ការឆ្លងរាលដាលវីរុសCovid-19នៅក្នុងប្រទេសជប៉ុន និងនៅជុំវិញពិភពលោក បានធ្វើអោយក្រុមហ៊ុន Mitsubishi Motors បានខាតបង់ទឹកប្រាក់ប្រមាណ២៤០លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៩ និងខាតបង់ទឹកប្រាក់ប្រមាណជាង៣.៤ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២០នេះ ដោយសារការកាត់បន្ថយផលិតកម្ម និងតម្រូវការនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះទាប ៕