ព្រះសីហនុ៖ គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរចុះពិនិត្យមើលសកម្មភាពកាយ ស្ដារប្រព័ន្ធលូបង្ហូរទឹកនៅក្នុងបរិវេណសាលាបឋម និងអនុវិទ្យាល័យសាគូរ៉ា ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។
គួច ចំរើន អភិបាល បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ យកគ្រឿងចក្រកាយស្តារប្រព័ន្ធលូក្នុងសាលារៀននេះឡើងវិញ ដើម្បីរំដោះជំនន់ទឹកភ្លៀងហូរបានលឿន ដោយសារតែសាលារៀននេះមាននីវ៉ូទាប ដូច្នេះពេលភ្លៀងម្តងៗតែងតែជួបនូវជំនន់ទឹកភ្លៀងជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះយើងមានតែរួមគ្នាកាយស្តារប្រព័ន្ធលូនេះបន្តទៀត រង់ចាំក្រុមហ៊ុនសាងសង់ផ្លូវធ្វើមកដល់យើងនឹងដាក់លូធំ ដើម្បីរំដោះជំនន់ទឹកភ្លៀងបានទាន់ពេលវេលាសម្រាប់ការសិក្សារបស់សិស្សានុសិស្សទាំងពីរកម្រិត ។
លោក គួច ចំរើន បញ្ជាក់់ថា បញ្ហាចំពោះមុខយើងត្រូវដាក់គ្រឿងចក្រនៅតាមអូរប្រឡាយ ដើម្បីជួយស្តារប្រព័ន្ធលូ អូរ ប្រឡាយរំដោះទឹកភ្លៀងបានទាន់ពេលវេលា ទន្ទឹមនោះក៏សំណូមពរប្រជាពលរដ្ឋចូលរួមសហការវេចខ្ចប់សំរាមឱ្យបានត្រឹម ត្រូវចៀសវាងការបោះចោលរាយប៉ាយនាំឱ្យបាត់បង់សោភ័ណភាព បរិស្ថានក្នុងក្រុងរបស់យើង ៕



