សៀមរាប៖ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយអនុរដ្ឋលេខាធិការ ដែលជាប្រធានមុខព្រួញខេត្តសៀមរាម និងខេត្តបន្ទាយមានជ័យ ក្រុមមន្រ្តីបច្ចេកទេសក្រសួង និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ បានបន្តដំណើរបេសកកម្មពិនិត្យស្ថានភាពទឹកទូទៅ នៃខេត្តទាំង០២ ដើម្បីបន្ថែមមធ្យោបាយពន្លឿនសកម្មភាពអន្តរាគមន៍រំដោះបរិមាណទឹកជន់ឲ្យស្រកលឿនហូរឆ្ពោះចូលទៅបឹងទន្លេសាប។
នេះគឺជាវិធានការចំពោះមុខដើម្បីបន្ថយផលប៉ះពាល់ដល់ដំណាំបងប្អូនប្រជាពលរដ្ឋក្នុងប្រព័ន្ធអាងទឹកត្រពាំងថ្ម នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងផ្នែកខាងក្រោមក្នុងខេត្តសៀមរាម។
ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រីក៏បានចាត់វិធានការជាបន្ទាន់ដល់គ្រប់មុខព្រួញតាមបណ្តាខេត្តឲ្យខ្ចប់រក្សាទឹកទុក សម្រាប់ប្រើប្រាស់ជាពហុប្រយោជន៍នៅពេលខាងមុខ។
តាមរយ:ការពិនិត្យជាក់ស្តែងនាព្រឹកនេះ លោករដ្ឋមន្រ្តី ព្រមទាំងថ្នាក់ដឹកនាំក្រសួង ក្រុមមន្រ្តីបច្ចេកទេស បានពិនិត្យផ្ទាល់នៅប្រឡាយកុមារនៃប្រព័ន្ធត្រពាំងថ្ម ដែលជាប្រឡាយរំដោះទឹក និងស្រោចស្រព ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ហើយក្នុងពេលបច្ចុប្បន្នប្រឡាយនេះ ក៏កំពុងបំពេញតួនាទីជាប្រឡាយរំដោះទឹកយ៉ាងសំខាន់មួយ បន្ថែមពីលើប្រឡាយមេធំៗចំនួន ០៣ សម្រាប់សម្រួលចរន្តទឹកពីអាងទឹកត្រពាំងថ្មហូរចុះទៅបឹងទន្លេសាប៕