ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ឲ្យដឹងថា ឆ្នាំ២០១៩នេះ កម្ពុជាសល់ស្រូវរហូតដល់៦លានតោន។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា គោលដៅនៃការនាំចេញអង្ករឲ្យបាន១លានតោនក្នុងមួយឆ្នាំនោះ កម្ពុជាមិនទាន់សម្រេចបាននៅឡើយព្រោះយើងមានដៃគូដ៏ខ្លាំងក្លាពីប្រទេសជិតខាងរួមមានថៃ និងវៀតណាមជាដើម។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករ កម្មការិនីប្រមាណ១១,២២៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន៣៤ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Chengdu Bayi (Cambodia) ស្ថិតនៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
កម្មករ កម្មការិនី បានជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នៅព្រឹកនេះ គឺមកពីរោងចក្រសហគ្រាសក្នុងស្រុកអង្គស្នួលចំនួន៣៣ និងក្រុងតាខ្មៅចំនួន១។ រោងចក្រទាំង៣៤នេះ វិនិយោគដោយអ្នកវិនិយោគមកពីប្រទេសចិនចំនួន២៦, ខ្មែរចំនួន៥, កូរ៉េចំនួន១, ជប៉ុនចំនួន១ និងអាមេរិកចំនួន១៕