ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន័ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជានឹងខិតខំទាក់ទាញអ្នកវិនិយោគមកវិនិយោគទាំងក្នុងវិស័យកសិកម្ម និងឧស្សាហកម្ម ដើម្បីបង្កើតផលិតផលឲ្យកាន់តែច្រើនសម្រាប់នាំចេញ និងបង្កើនការងារជូនប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ត្រូវធ្វើអ្វីៗគ្រប់យ៉ាង និងគ្រប់វិស័យដើម្បីជំរុញសេដ្ឋកិច្ចជាតិឲ្យមានការរីកចម្រើនទៅមុខបន្តទៀត។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករ កម្មការិនីប្រមាណ១១,២២៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន៣៤ ធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Chengdu Bayi (Cambodia) ស្ថិតនៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ព្រឹកថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។
សូមបញ្ជាក់ថា កម្មករ កម្មការិនី បានជួបសំណេះសំណាលជាមួយសម្តេច តេជោ ហ៊ុន សែន នៅព្រឹកនេះ គឺមកពីរោងចក្រសហគ្រាសក្នុងស្រុកអង្គស្នួលចំនួន៣៣ និងក្រុងតាខ្មៅចំនួន១។ រោងចក្រទាំង៣៤នេះ វិនិយោគដោយអ្នកវិនិយោគមកពីប្រទេសចិនចំនួន២៦, ខ្មែរចំនួន៥, កូរ៉េចំនួន១, ជប៉ុនចំនួន១ និងសហរដ្ឋអាមេរិកចំនួន១៕