បន្ទាប់ពីប៉ុន្មានថ្ងៃនេះ លោក សម រង្ស៊ី បានបន្តជេរប្រមាថលើអង្គព្រះមហាក្សត្រដែលជាទីគោរពសក្ការៈរបស់ប្រជាជនកម្ពុជា ប៉ុន្តែលោក កឹម សុខា ជាដៃគូរនយោបាយចាក់ទឹកមិនលេច នៅថ្ងៃទី២៨ ខែធ្នូនេះ បែរជាផ្ញើសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២១នេះទៅវិញ ដែលត្រូវបានអ្នកវិភាគលើកឡើងថា« ស្មើនឹងទះកំផ្លៀងលើអតីតមេដឹកនាំសង្រ្គោះជាតិយ៉ាងអាមាស់មុខ។
សារលិខិត លោក កឹម សុខា មានខ្លឹងសារថា «នៅក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២១ ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមព្រះបរមរាជានុញ្ញាតសម្ដែងនូវអំណរសាទរ ចូលរួមថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្ដី សិរីវឌ្ឍនាមហាប្រសេីរ និងសូមព្រះអង្គទ្រង់ប្រកបដោយព្រះបញ្ញាញាណ ព្រះរាជសុខភាពល្អបរិបូណ៍ ព្រះកាយពលរឹងមាំខ្លាំងក្លា ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតព្រះរោគាព្យាធិនានា និងទ្រង់គង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្ត្រ»។
លោកបន្តក្នុងសារលិខិតទៀតថា «ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមព្រះបរមរាជានុញ្ញាតលេីកហត្ថប្រណម្យបួងសួងដល់ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា បុណ្យបារមីទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក សូមជួយបីបាច់ថែរក្សា ប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយចំពោះព្រះករុណាជាម្ចាស់ និងព្រះពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណ: សុខ: ពល: ជាភិយ្យោភាពតរៀងទៅ»។
លោកបន្ថែមថា ព្រះករុណាជាម្ចាស់ជីវិតលេីត្បូង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួលនូវការគោរព ភក្ដីភាពដ៏ស្មោះស្ម័គ្របំផុត ពីទូលព្រះបង្គំជាខ្ញុំ និងភរិយា។
សម្រាប់ ព្រះអង្គម្ចាស់ ស៊ី សុវត្ថិ ធម្មិកោ ជាទីប្រឹក្សាព្រះមហាក្សត្រ មានបន្ទូលថា« ខ្ញុំមានការលោកស្តាយយ៉ាងខ្លាំងជុំវិញការចោទប្រកាន់ពីលោក សម រង្ស៊ីលើអង្គព្រះមហាក្សត្រ ពីព្រោះ លោកធ្លាប់ធ្វើជាអ្នកតំណាងរាស្រ្ត៣ឬ៤អាណត្តិមកហើយ។ចំណែក ព្រះមហាក្សត្រគឺ ព្រះអង្គគ្រងរាជ្យសម្បត្តិ គឺអាស្រ័យ ដោយរដ្ឋធម្មនុញ្ញ សម្តី សម រង្ស៊ី វាជារឿងអយុត្តិធម៌សម្រាប់ព្រះអង្គណាស់ ការប្រមាថរបស់ លោក សម រង្ស៊ី ដែលបង្ហាញថា សម រង្ស៊ី មិនសមជាអ្នកនយោបាយទេ។
ព្រះអង្គបន្ថែមថា ការប្រមាថនិងវាយប្រហារនេះគឺមិនសក្តិសមជាអ្នកនយោបាយទេ មានន័យថា អ្នកនយោបាយខ្មែរត្រូវបានបរទេសមើលឃើញនិងវាយតម្លៃ ពីការមិនលើកតម្លៃកិត្តិយសជាតិ និងកេរ្តិ៍ឈ្មោះប្រជាជាតិយើងនោះទេ។
សម្រាប់ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីបានមានប្រសាសន៍ចាត់ទុកទង្វើលោក សម រង្ស៊ីជុំវិញការជេរប្រមាថលើសម្តេចតេជោ និងអង្គព្រះមហាក្សត្រ គឺ ដើម្បីធ្វើឲ្យមានការចាប់អារម្មណ៍ពីសម្តេចក៏ដូចជាប្រជាពលរដ្ឋ ប៉ុន្តែរហូតមកដល់ពេលនេះ ចម្លើយមានរួចជាស្រេចទៅហើយ គឺគ្មានការរៃអង្គាសទេ ផ្ទុយទៅវិញប្រជាពលរដ្ឋនៅតែបន្តចូលរួមដែលជាមហាចលនាមួយធ្វើឲ្យសម ង្ស៊ីអស់តម្លៃ ឬជាបរាជ័យមួយរបស់គាត់(សម រង្ស៊ី)តែម្តង។
លោកបានថ្លែងថា សម រង្ស៊ី ខំបំប៉ោងព័ត៌មានរឿងការទិញវ៉ាក់សាំង ការពារកូវីដ១៩ របស់សម្តេច រហូតមួលបង្កាច់ថែមទៀត ដោយប្រើភាសារនិងការប្រឌិតព័ត៌មាននេះ ពីព្រោះសម រង្ស៊ី ដើរប្រមូលលុយគេលែងបានហើយ បុគ្គល សម រង្ស៊ីមិនត្រឹមតែមើលងាយលើប្រជាប្រពលរដ្ឋខ្មែរប៉ុណ្ណោះទេ រហូតដល់ជេរប្រមាថលើអង្គព្រះមហាក្សត្រទៅទៀត ដូច្នោះខ្ញុំអាចបញ្ជាក់ជូនថា ជាពេលអវសាននៃនយោបាយ សម រង្ស៊ី ហើយ។
លោកបានបន្ថែមទៀតថា «និន្នាការនយោបាយ សម រង្ស៊ី នៅតែមានគោលការណ៍ធ្វើនយោបាយ បម្រើបរទេសមកបំផ្លាញជាតិឯង ដែលជាលទ្ធផលជាក់ស្តែងប្រជាពលរដ្ឋបានឃើញសន្តិភាព និងការរីកចម្រើន ពោល សម្តេចតេជោមិនបានរៃអង្គាសដូចការលើកឡើងរបស់ក្រុមឧទ្ទាមទេ អ្វីដែលសំខាន់ពលរដ្ឋចូលរួមដោយកម្លាំងទឹកចិត្តគ្រប់ៗគ្នានិងភាពសប្បាយរីករាយជាមួយសន្តិភាព។
ដោយ ៖ហៃ វឌ្ឍនា