ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសេចក្តីសម្រេច បង្កើតគណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី លើទំហំផ្ទៃដីប្រមាណ២៦០០ ហិកតា។
គណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់ ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជាអនុប្រធាន និងមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធជាច្រើនរូបទៀត ។
សេចក្តីសម្រេចរួមមាន៧ចំណុច ទី១ ពិនិត្យ និងកំណត់និយាមកាទីតាំង សម្រាប់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី
ទី២ សិក្សាវាយតម្លៃថ្លៃដីនៅតំបន់ គម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី
ទី៣ សម្របសម្រួលដោះស្រាយបញ្ហាពាក់ព័ន្ធនឹងទីតាំងដី ដើម្បីបង្កលក្ខណៈដល់ដំណើរការ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី
ទី៤ សម្របសម្រួលជាមួយក្រសួង ស្ថាប័ននិងអង្គភាពពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល និងក្រុមហ៊ុន ដើម្បីដំណើរការអនុវត្តគម្រោងប្រព្រឹត្តទៅដោយជោគជ័យ។
ទី៥ ផ្តល់អនុសាសន៍ដល់ក្រុមហ៊ុនក្នុងការបំពេញបែបបទផ្សេងៗ ដើម្បីឆ្លើយតបតាមតម្រូវការសម្រាប់ការអនុវត្តគម្រោង
ទី៦ ពិនិត្យ និងផ្តល់យោបល់លើផែនការមេរបស់គម្រោង ក៏ដូចជាសំណូមពរផ្សេងៗ របស់ក្រុមហ៊ុនតាមដាន និងត្រួតពិនិត្យការអនុវត្តគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញថ្មី និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ
ទី៧ ធ្វើរបាយការណ៍អំពីលទ្ធផលជូននាយករដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេចជាដើម។
សូមបញ្ជាក់ថា កាលពីខែមករា ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីកម្ពុជា និងលោកនាយករដ្ឋមន្ត្រីចិន បានចុះហត្ថលេខាគម្រោងវិនិយោគរវាងក្រុមហ៊ុន OCIC និងក្រុមហ៊ុនចិនដើម្បីរួមគ្នាអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ហើយអាចប៉ះតំបន់មួយចំនួនក្នុងស្រុកបាទី ខេត្តតាកែវ៕