រាជធានីភ្នំពេញ៖នាយឧត្តមសេនីយ៍ យន្ត មីន និងជារដ្ឋលេខាធិការក្រសួងការពារជាតិនិងជាអតីតមេបញ្ជាការយោធាខេត្តកោះកុង ទើបទទួលបានបណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយពីសាកលវិទ្យាល័យភ្នំពេញកាលពីថ្ងៃទី១៥ ខែមករាឆ្នាំ២០២១។
គោលដៅនៃការផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសនេះគឺសម្រាប់ឥស្សរជនឆ្នើមដែលមានស្នាដៃចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ដោយមើលឃើញពីសកម្មភាពនិងភាពឆ្នើមរបស់នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ អតីតអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាអតីតមេបញ្ជាការយោធាខេត្តកោះកុង សាស្ត្រាចារ្យ៣រូបនៃសាកលវិទ្យាល័យភ្នំពេញបានចុះស្រាវជ្រាវ និងសម្ភាសផ្ទាល់ជាមួយទាហាន មន្ត្រីរាជការ និងប្រជាពលរដ្ឋ ប្រមាណជា៥០នាក់នៅខេត្តចំនួនពីរ ខេត្តព្រះសីហនុនិងខេត្តកោះកុងដើម្បីធ្វើការវាយតម្លៃពីភាពស័ក្តិសមក្នុងការទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស។
បន្ទាប់ពីការវាយតម្លៃ គណៈកម្មការនៃសាកលវិទ្យាល័យបានសម្រេចផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយជូននាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ អតីតអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនិងជាអតីតមេបញ្ជាការយោធាខេត្តកោះកុង៕