បាត់ដំបង ៖ លោក W.Patric Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ជួបជាមួយ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ដើម្បីពិភាក្សាការងារអំពីកិច្ចខិតខំប្រឹងប្រែង លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តបាត់ដំបងជាមួយនឹងសហរដ្ឋ អាមេរិក។
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថ្លែងថា ជំនួយរបស់សហរដ្ឋអាមេរិក ក្នុងការជួយប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងទាំងផ្នែកកសិកម្ម និងផ្នែកអប់រំជាដើម នេះជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ។
អភិបាលខេត្ត បានបន្តទៀតថា ខេត្តបាត់ដំបងមិនខុសពីបណ្ដាខេត្តនានានៅប្រទេសកម្ពុជា ដែលបានជួបនូវវិបត្តិគ្រោះធម្មជាតិ មានដូចជាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួតជាដើម ហើយចំពោះគ្រោះទឹកជំនន់កន្លងមកនេះ រដ្ឋបាលខេត្តបាត់ដំបងបានសហការគ្នាជាមួយកងកម្លាំងប្រដាប់អាវុធ និងកងកម្លាំងនានា ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋភ្លាមៗឲ្យបានទាន់ពេលវេលា ។
ពាក់ព័ន្ធទៅនឹងបញ្ហាកូវីដ-១៩ លោកអភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា រដ្ឋបាលខេត្តបាត់ដំបង បានររៀបចំ វិទ្យាល័យ ឬអនុវិទ្យាល័យនៅតាមព្រំដែន តាមការណែនាំរបស់សម្ដេចតេជោ ហ៊ុនសែន ធ្វើជាមណ្ឌលចត្តាឡីស័កចំពោះពលករណា ដែលឆ្លងដែនមកពីប្រទេសថៃ ដែលប្រទេសថៃកំពុងឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ នៅក្នុងសហគមន៍។
ចំពោះពលករណាដែលបានធ្វើវិធានការចត្តាឡីស័កគ្រប់ចំនួនថ្ងៃកំណត់របស់សុខាភិបាលរួចហើយ គាត់នឹងទទួលបាននូវសញ្ញាបត្របញ្ជាក់មួយ ដើម្បីយកទៅបង្ហាញទៅដល់អាជ្ញាធរមានសមត្ថកិច្ច បញ្ជាក់ថាខ្លួនគ្មានជម្ងឺកូវីដ-១៩ និងធ្វើចត្តាឡីស័ករួចរាល់។
លោក W.Patric Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា បានថ្លែងនូវការកោតសរសើរដល់រដ្ឋបាលខេត្តបាត់ដំបង ក្នុងការខិតខំប្រឹងប្រែងកន្លងមក ហើយសហរដ្ឋអាមេរិកនឹងបន្តជួយសហការ ក្នុងនាមរឹតចំណងមិត្តភាព ជាពិសេស បន្តនូវកម្មវិធីរបស់អង្គការ Peace Corp ជាថ្មីម្ដងទៀតក្នុងការបញ្ជូនអ្នកស្ម័គ្រចិត្តនៅសហរដ្ឋអាមេរិក ចុះជួយផ្នែកវិស័យអប់រំជាថ្មី ហើយក៏ជាលើកដំបូងសម្រាប់ពិភពលោក ដោយសារប្រទេសកម្ពុជាបានធ្វើការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ បានល្អជាងគេ ស្របពេលដែលបណ្ដាប្រទេសដទៃទៀតមិនទាន់អាចបន្តកម្មវិធីរបស់អង្គការ Peace Corp ដោយសារការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩នេះ៕