លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា នៅឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករកើនបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែវិស័យស្រូវអង្ករនេះក៏ជួបនឹងបញ្ហាប្រឈមផងដែរក្នុងវិបត្តិកូវីដ-១៩ ដែលនាំឱ្យតម្លៃនៃការដឹកជញ្ជូនស្រូវអង្ករកម្ពុជាតាមផ្លូវសមុទ្រឡើងថ្លែពី១ពាន់ដុល្លារទៅ៥ពាន់ដុល្លារក្នុង១កុងតឺន័រ។
លោកឧកញ៉ា សុង សារ៉នបានបន្ដែមថា« ឆ្នាំ២០២០កម្ពុជាមានបញ្ហាប្រឈមជាច្រើនជាមួយនឹងការនាំចេញស្រូវអង្ករដោយ បញ្ហាទី១ គឺវិបត្តិកូវីដ-១៩ ទី២ ការរងគ្រោះដោយទឹកជំនន់ធ្វើឱ្យស្រូវមួយចំនួនលិចលង់ និងទី៣ គឺបញ្ហាការដឹកជញ្ជូន ដែលជាបញ្ហាធំជាងគេ»។
នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅកម្ពុជាសម្រេចបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិក្នុងបរិមាណ ៦៤ ៧៤០ តោន គិតជាទឹកប្រាក់ចំនួន ៤៨.៦៥លានដុល្លារសហរដ្ឋអាមេរិក។ បរិមាណនាំចេញនេះ មានការកើនឡើងចំនួនជាង១៥% តែចំណូលនៃការនាំចេញបានធ្លាក់ចុះ 13.26% ដោយសារតម្លៃលើទីផ្សារអង្ករក្រអូបមានការធ្លាក់ចុះជាបន្តបន្ទាប់។
កាលពីខែវិច្ឆិកានេះដែរ អង្កររបស់កម្ពុជា បាននាំចេញចំនួន ៦១% ទៅកាន់ប្រទេសចិន និង ២%ទៅកាន់ទីផ្សារទីក្រុងហុងកុង ដែលមានបរិមាណសរុបចំនួន ៤០ ៤៨៩តោន គិតជាទឹកប្រាក់ចំនួន ២៩លានដុល្លារសហរដ្ឋអាមេរិក។