ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រធានក្រុមការងារទទួលបន្ទុកចលនាយុវជនស្រុកខ្សាច់កណ្តាលលើកទឹកចិត្ត​​​ឲ្យ​​​ពង្រឹងលើប្រព័ន្ធអប់រំនៅកម្ពុជា

ខេត្តកណ្តាល៖  លោក កៅថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារទទួលបន្ទុកចលនាយុវជនស្រុកខ្សាច់កណ្តាល ជាតំណាង លោកអគ្គបណ្ឌិតស​ភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកណ្តាល ទទួលបន្ទុកស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ បានចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយ នាយក នាយិកា នាយករង នាយិការង លោកគ្រូ និងអ្នកគ្រូទាំងអស់ ក្នុងវិទ្យាល័យទាំង ៤ ក្នុងស្រុកខ្សាច់កណ្តាលសរុប ចំនួន ៣២៤ នាក់នៅ​ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ។

នៅស្រុកខ្សាច់កណ្តាល មានប្រជាជនសរុបចំនួន ១៥១ ៤៩៦ នាក់ ស្រី ៧៧ ០៥៨នាក់ ហើយប្រជាជនមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ មានសរុប ៩៩ ៤៦៣ នាក់ ស្រី ៥១ ៤៤១ នាក់។

ចំពោះសាលារៀនវិញ មានចំនួន៦៤កន្លែង និងមានអគារសិក្សាសរុប ២១៤ខ្នង ស្នើនឹង៩៨៧បន្ទប់ ក្នុងនោះមាន៦៣ អគារ ស្នើនឹង២៨៦បន្ទប់ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ចំពោះបុគ្គលិកសិក្សាសម្រាប់ស្រុកខ្សាច់កណ្តាលទាំងមូល មាន ចំនួន ១១២៥នាក់ ស្រី ៥៩៣​នាក់ និងមានសិស្សសរុប ចំនួន ៣៣ ៤៨៩ នាក់ ស្រី ១៦ ៤១៥នាក់។

ដោយឡែក ក្នុងឆ្នាំសិក្សា ២០១៩ ២០២១ ជាពិសេសសម្រាប់ថ្នាក់ទី១២ កម្មវិធីសិក្សា របស់វិទ្យាល័យទាំង ៤ ក្នុងស្រុកខ្សាច់កណ្តាល ត្រូវទទួលរងផលប៉ះពាល់ដោយសារជំងឺឆ្លងកូវីដ ១៩ ប៉ុន្តែទោះបីជាយ៉ាងណា ក៏វិទ្យាល័យរបស់ស្រុកខ្សាច់កណ្តាល បានបន្តពង្រឹងកម្មវិធី បណ្តុះបណ្តាល សិស្សានុសិស្សទាំងអស់ឱ្យទទួលបានគុណភាពល្អ។ តាមរយៈកម្មវិធីបំ​ប៉នចុងសប្តាហ៍ដល់សិស្សថ្នាក់ទី១២ គឺទទួលបានការឧបត្ថម្ភ និងលើកទឹកចិត្តពីលោក​​អគ្គបណ្ឌិតសភាចារ្យឧបនា​យករដ្ឋមន្ត្រី ។​​

លោក  កៅ ថាច បានថ្លែងថា តាមរយៈកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ជាពិសេសការពង្រឹងលើប្រព័ន្ធអប់រំនៅកម្ពុជា ក្នុងមួយរយៈកាលចុងក្រោយនេះកម្មវិធីសិក្សាអប់រំបានកែប្រែយ៉ាងខ្លាំង សិស្សានុសិស្សបានខិតខំពង្រឹងខ្លួនទាំងសមត្ថភាព និងចំណេះដឹង ជាក់ស្តែងលទ្ធផលនៃការប្រឡងបាក់ឌុបក្នុងឆ្នាំកន្លងមក ជាសក្ខីភាពបង្ហាញពីភាពជោគជ័យនៃកំណែទម្រង់ប្រព័ន្ធអប់រំ តាមរយៈពាក្យស្លោក អ្នកចេះគឺជាប់។

ដោយឡែកសម្រាប់ស្រុកខ្សាច់កណ្តាល ក្នុងឆ្នាំសិក្សា ២០១៨ ២០១៩ ដោយការខិតខំបង្រៀន និងការយកចិត្តទុកដាក់ខ្ពស់របស់លោកគ្រូ អ្នកគ្រូ ក្នុងការបង្រៀនសិស្ស ជាពិសេសសិស្សថ្នាក់ទី១២ លទ្ធផលនៃការប្រឡងបាក់ឌុបមធ្យមសិក្សាទុតិយភូមិ សិស្សបានប្រឡងជាប់រហូតដល់ ៧៦ % នេះជាលទ្ធផលល្អប្រសើរ។

ចំពោះឆ្នាំសិក្សា ២០២០ ក្នុងបរិបទកូវិឌ ១៩ ប្រព័ន្ធអប់រំត្រូវបានកែប្រែយ៉ាងខ្លាំង ដោយសិស្សត្រូវប្តូរពីការរៀនក្នុងសាលា ទៅរៀនតាមប្រព័ន្ធអនឡាញ់វិញ ដែលការណ៍នេះ ជាបរិបទថ្មីដែលលោកគ្រូ អ្នកគ្រូត្រូវតាមឱ្យទាន់ និងមានភាពបទបែនខ្ពស់ចំពោះការវិវត្តនេះ។
លោក កៅ ថាច បានធ្វើការកត់សម្គាល់ថា បច្ចុប្បន្ននេះ ក្មេងៗ និងយុវជន យុវនារី មានភាពឈ្លាវវៃ និងពូកែ ជាពិសេសលើប្រព័ន្ធបច្ចេកវិទ្យា (IT) ក្នុងន័យនេះដើម្បីដើរឱ្យទាន់បរិបទថ្មី លោកអគ្គនាយក​​បាន​​​បន្តលើកទឹកចិត្ត និងស្នើសុំដល់លោកគ្រូ អ្នកគ្រូត្រូវតែធ្វើការស្រាវជ្រាវចំណេះដឹងថ្មីៗបន្ថែម ដែលកំពុងវវិត្តន៍ក្នុងបរិការណ៍ថ្មី ដើម្បីយកចំណេះដឹងទាំងនោះ ទៅចែករំលែកបន្តដល់សិស្សានុសិស្ស។
លោក កៅ ថាច​​ បានស្នើសុំលោកគ្រូ អ្នកគ្រូ បន្តការអានសៀវភៅ ធ្វើការស្រាវជ្រាវ អោយបានច្រើន ពីព្រោះការអាន ធ្វើឱ្យយើងទទួលបានចំណេះដឹងថ្មីៗ និងដើរទាន់ការវិវត្តន៍របស់ពិភពលោក។ ម្យ៉ាងទៀតក្នុងនាមជាគ្រូបង្រៀន គឺជាសេចក្តីសង្ឃឹមរបស់សិស្ស និងអាណាព្យាលបាលរបស់សិស្ស ដែលបានផ្ញើរអណាគត់កូនៗរបស់គាត់ដើម្បីឱ្យក្លាយជាសិស្សពូកែ មានចំណេះដឹង ជំនាញច្បាស់លាស់ ក្លាយជាពលរដ្ឋល្អ សិស្សល្អ។ ដូចនេះលោកគ្រូ អ្នកគ្រូ ត្រូវតែពង្រឹង និងពង្រីក សមត្ថភាព និងចំណេះដឹងឱ្យរឹងមាំដើម្បីផ្ទេរបន្តទៅឱ្យពួកគេ។