ភ្នំពេញ៖ជនសង្ស័យ ឈ្មោះ ស៊ិន ដាវុធ អាយុ៤៦ឆ្នាំ ជានាយកគ្រប់គ្រងទូទៅនៅក្រុមហ៊ុន ហ្គោលវែល ដែលពាក់ព័ន្ធករណីស៊ីដាច់លុយថៅកែចិនជិត១លានដុល្លារអាមេរិក រឿងរត់ការចូលសញ្ជាតិខ្មែរបានត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារនៅរសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១។
តុលាការ បានចោទប្រកាន់ពីបទរំលោភទំនុកចិត្តពិសេសដោយអភិបាល លើជនសង្ស័យ ឈ្មោះ ស៊ិន ដាវុធ អាយុ៤៦ឆ្នាំ មានទីលំនៅផ្ទះលេខ B10 ផ្លូវលំ ភូមិបឹងឈូក ក្នុងសង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ។
យោងតាមសមត្ថកិច្ចបង្ហាញថា កាលពីអំឡុងខែសីហា ឆ្នាំ២០១៩ ថៅកែចិនឈ្មោះ Chan kam fung Jane បានពឹងពាក់ឲ្យឈ្មោះ ស៊ិន ដាវុធ ដែលជានាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន ហ្គោលវែល ដាក់ពាក្យសុំចូលសញ្ជាតិខ្មែរអោយថៅកែចិន៣នាក់ គឺ ឈ្មោះ Yam tak Chung ឈ្មោះ Lam Lai ភេទស្រី និងឈ្មោះ Qin zhewei ភេទប្រុស ដែលជាក្រុមប្រឹក្សាភិបាលក្រុមហ៊ុន។
ឈ្មោះ ស៊ិន ដាវុធ បានឲ្យលោក Chan kam fung Jane ប្រគល់ប្រាក់ចំនួន៧៦ម៉ឺនដុល្លារ មកឲ្យខ្លួន ដើម្បីរត់ការដាក់ពាក្យសុំចូលសញ្ជាតិ ដោយសន្យាថា ក្នុងរយៈពេល៩០ថ្ងៃ ទើបបានលទ្ធផល ។
លោក Chan kam fung Jane បានប្រគល់សែក១០សន្លឹករបស់ធនាគារសហពាណិជ្ជ .ក .អ មានលុយសុរបចំនួន៧៦ម៉ឺនដុល្លារឲ្យមកឈ្មោះ ស៊ិន ដាវុធ ដើម្បីធ្វើការនេះ ។
ប៉ុន្តែលុះដល់ថ្ងៃកំណត់មកដល់មិនឃើញមានការកោះហៅ ដើម្បីស្បថប្រកាសចូលសញ្ជាតិសោះឡើយ ហើយឈ្មោះ ស៊ិន ដាវុធ បានគេចខ្លួនបាត់រហូត ទើបដល់ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២០ លោក Chan kam fung Jane បានតាមរកឃើញឈ្មោះ ស៊ិន ដាវុធ ពេលនោះជន សង្ស័យ បានសារភាពថា ខ្លួនមិនបានយកប្រាក់នោះទៅរត់ការចូលសញ្ជាតិទេ គឺយកទៅប្រើប្រាស់ផ្ទាល់ខ្លួន និងសន្យាថានឹងសងប្រាក់វិញទាំងអស់ តែរហូតមកដល់ថ្ងៃនេះមិនឃើញសងប្រាក់វិញសោះទើបលោក Chan kam fung Jane ដាក់ពាក្យប្ដឹងតែម្ដង ៕