ភ្នំពេញ៖ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៣នាក់ ដែលជាបុរសជនជាតិឥណ្ឌា ធ្វើដំណើរមកពីប្រទេសឥណ្ឌា ស្ត្រីជនជាតិឥណ្ឌូនេស៊ី ធ្វើដំណើរមកពីឥណ្ឌូនេស៊ី មកកម្ពុជា នៅថ្ងៃទី៣ ខែកុម្ភៈ។ អ្នកដំណើរ ៧៨នាក់ទៀត ត្រូវបានធ្វើចត្តាឡីស័ក នៅសណ្ឋាគារ ៣កន្លែង នៅភ្នំពេញ។ នេះយោងតាមសេចក្តីប្រកាសក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០២១។
អ្នកឆ្លងកូវីដ១៩ថ្មី ម្នាក់ទៀត ជាស្ត្រីជនជាតិខ្មែរ អាយុ ៦៣ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី២ វិជ្ជមានវីរុសកូវីដ១៩។ អ្នកដំណើរតាមយន្តហោះ ជាមួយអ្នកជំងឺនេះ ចំនួន ៨៥នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅសណ្ឋាគារ ២ ក្នុងរាជធានីភ្នំពេញ ចំនួន ៨៥នាក់ និងនៅស្ថានទូតអាមេរិក ម្នាក់។
ចំណែកអ្នកជាសះស្បើយពីជំងឺកូវីដ១៩ម្នាក់ កាលពីថ្ងៃទី៤ ខែកុម្ភៈ គឺជាស្ត្រីជនជាតិខ្មែរ អាយុ ៥៧ឆ្នាំ មានអាសយដ្ឋាន នៅសង្កាត់ចោមចៅទី៣ ក្នុងខណ្ឌពោធិ៍សែន ជ័យ រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១។
ក្រសួងសុខាភិបាល បានប្រកាសថា គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២១ នៅទូទាំងប្រទេស រកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៤៧០នាក់។ ក្នុងនោះ មានអ្នកជាសះស្បើយ ៤៥២នាក់ និងកំពុងសម្រាកព្យាបាល ចំនួន ១៨នាក់។
ក្នុងចំណោមអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៧០នាក់ គឺមាន ៨៧នាក់ ជាពលករខ្មែរ ធ្វើដំណើរមកពីប្រទេសថៃ។ ប៉ុន្តែមកដល់ព្រឹកថ្ងៃទី៥ ខែកុម្ភៈនេះ មានពលករខ្មែរ ៨០នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយ។ ពោលគឺនៅសល់ពលករមកពីថៃតែ ៧នាក់ទៀតប៉ុណ្ណោះ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន ៣នាក់ និងនៅមន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ ចំនួន ៤នាក់៕