ភ្នំពេញ៖ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី ហេឌ័រ វាល័្លរ (Heather Wheeler) ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសប្រចាំកម្ពុជា ឡាវ និងវៀតណាម តាមរយៈប្រព័ន្ធវីដេអូ នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។
លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា រាជរដ្ឋាភិបាលចក្រភពអង់គ្លេស បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស និងលើកស្ទួយសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទានក្នុងការអភិវឌ្ឍវិស័យអាទិភាពមួយចំនួន ជាពិសេសវិស័យអប់រំ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ព្រមទាំងតាមរយៈការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម ដែលនឹងចូលជាធរមានចាប់ពីខែមករា ឆ្នាំ ២០២១នេះ ក្រោយពីអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប ។
លោករដ្ឋមន្រ្តី បានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើកំណែទម្រង់ស្ថាប័ន និងបទបញ្ញត្តិនានា សម្រាប់ការធ្វើសមារណកម្មសេដ្ឋ កិច្ច និងបង្ហាញពីឆន្ទៈដ៏មោះមុតក្នុងការពង្រីកដៃគូរពាណិជ្ជកម្ម តាមរយៈការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗនៅក្នុងតំបន់។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបង្ហាញអំពីការគាំទ្រចំពោះវឌ្ឍនភាពនៃកិច្ចការដៃគូរសន្ទនារវាងចក្រភពអង់គ្លេស និងអាស៊ានដែលជាតំបន់មានសក្តានុពលខ្លាំង ហើយកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅឆ្នាំ២០២១ និងធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ នៅឆ្នាំ២០២២ ខាងមុខ។
លោកស្រីHeather Wheeler ប្រេសិតពាណិជ្ជកម្ម បានទទួលស្គាល់ពីភាពរីកចម្រើន កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ និងសក្តានុពលនាំចេញរបស់កម្ពុជា ព្រមទាំង កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយសម្របសម្រួលប្រតិបត្តិការពាណិជ្ជកម្មរបស់ធុរជន និងវិនិយោគិនអង់គ្លេសនៅកម្ពុជានាពេលកន្លងមក។ លោកស្រីនឹងខិតខំប្រឹងប្រែងបន្តទាក់ទាញវិនិយោគិនអង់គ្លេស មកស្វែងយល់បន្ថែមពីសក្តានុពលដែលកម្ពុជាកំពុងសម្រេចបាននាពេលបច្ចុប្បន្ន៕