ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ បានចែកសាច់ជ្រូក និងអង្ករសម្ដេចតេជោ ជូនប្រជាពលរដ្ឋ១៣១គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះ នៅសង្កាត់ស្ទឹងមានជ័យទី១ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ២០២១ នៅកោះពេជ្រ។
ពិធីប្រគល់អំណោយខាងលើនេះ ត្រូវបានធ្វើឡើងនៅតាមទីតាំងធ្វើចត្តាឡីស័កតាមផ្ទះ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងឱកាសនេះ លោក ឃួង ស្រេង បានមានប្រសាសន៍ថា «អំណោយទាំងនេះ គឺជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្នុងមួយគ្រួសារទទួលបានអង្ករ១០គីឡូក្រាម និងសាច់ជ្រូកពីរគីឡូក្រាម»។
លោកអភិបាលបានក្រើនរំឭកថា សូមប្រជាពលរដ្ឋអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត តាមសេចក្ដីណែនាំស្ដីពីការរឹតបន្តឹងការអនុវត្តវិធានការគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ក្នុងប្រជាពលរដ្ឋ ដែលកំពុងតែធ្វើចត្តាឡីស័កតាមផ្ទះផ្ទាល់ខ្លួនចំនួន១៣១គ្រួសារ ដើម្បីបង្ការការឆ្លងរាលដាលនែមេរោគដ៏កាចសាហាវនេះ៕







