ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុន សិរីមង្គល ប្រាឌើរហ៊ូដ ចូលរួមឧបត្ថម្ភសម្ភារបង្ការៈមេរោគ កូវីដ-១៩ ដល់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម

កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងសហការី នៅព្រឹកថ្ងៃ២២ ខែមីនា ឆ្នាំ២០២១ បន្តអញ្ជើញទទួលការឧបត្ថម្ភ ជាសំភារៈបង្ការជំងឺកូវីដ-១៩ គ្រឿងឧបភោគបរិភោគ ពីក្រុមហ៊ុន សិរីមង្គល ប្រាឌើរហ៊ូដ ជាម៉ាសចំនួន១០,០០០បន្ទះ ទឹកអាល់កុល ១២០លីត្រ សំបកដបច្រកទឹកអាកុល១០០ដប និងមី៥០កេស និងទឹកបរិសុទ្ធ១០០  យួរ ជូនដល់គណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីជួយឧបត្ថម្ភដល់អ្នកដែលកំពុងធ្វើចត្តាឡីស័ក ក្នុងខេត្តកំពង់ចាម និងជួយលើការងារប្រយុទ្ធប្រឆាំងនឹងការរាលដាលនៃជំងឺដ៏កាចសាហាវ កូវីដ-១៩។

ក្រុមហ៊ុន សិរីមង្គលប្រាឌើរហ៊ូដ ឧបត្ថម្ភម៉ាសចំនួន ១០,០០០ បន្ទះ ទឹកអាល់កុល ១២០ លីត្រ សំបកដបច្រកទឹកអាកុល ១០០ មី ៥០ កេស និងទឹកបរិសុទ្ធ១០០ យួរ។ ហើយកាលពីពេលថ្មីៗនេះក្រុមហ៊ុនក៏បានជួយឧបត្ថមដល់សាលាស្រុកកំពង់សៀម រួមមាន÷ ម៉ាសចំនួន ៧៥០០ ម៉ាស ទឹកអាកុល ៦០ លីត្រ ដប១០០ មី ៣០កេស និងទឹកបរិសុទ្ធ ១០០កេស។

ឆ្លៀតក្នុងឱកាសនេះ លោក  អ៊ុន ចាន់ដា ក្នុងនាមគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅនូវកាយវិការដ៏ថ្លៃថ្លា ប្រកបដោយមនុស្សធម៌របស់សប្បុរសជន ដែលជួយឧបត្ថម្ភជាសម្ភារៈបង្ការជំងឺកូវីដ-១៩ គ្រឿងឧបភោគបរិភោគ រួមនឹងថវិកាមួយចំនួន ដើម្បីជួយសម្រួលដល់ការហូបចុករបស់អ្នកកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលចត្តាឡីស័កនានា ក្នុងខេត្តកំពង់ចាម និងដើម្បីចូលរួមទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឲ្យទទួលបានជោគជ័យ។

លោកអភិបាលខេត្ត និងជាប្រធានគណៈកម្មការក៏បានជូនពរ សូមឲ្យសប្បុរសជនទាំងអស់ ទទួលបានសេចក្តីសុខ សេចក្តីចម្រើន និងសមប្រកបដោយពុទ្ធពរទាំងឡាយ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ជាពិសេសត្រូវរួមគ្នាអនុវត្តនូវវិធានការសុខាភិបាល ៣ការពារ និង៣កុំ ដើម្បីឲ្យខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើង បានចៀសផុតពីជំងឺដ៏កាចសាហាវ កូវីដ-១៩ នាពេលឆាប់៕