ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យពលរដ្ឋប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រង់-ក្រូចឆ្មារ ជាបណ្ដោះអាសន្ន

កំពង់ចាម៖ ស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រង់-ក្រូចឆ្មារ ត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អនុញ្ញាតឲ្យប្រជាពលរដ្ឋប្រើប្រាស់ឆ្លងកាត់ជាបណ្ដោះអាសន្ន បន្ទាប់ពីការសម្ពោធត្រូវបានលើកពេលដោយសារព្រឹត្តិការណ៍ ២០ កុម្ភៈ ។

នេះបើតាមការឲ្យដឹងរបស់ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ ខណៈពេលដែលលោក រួមដំណើរដោយអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងអភិបាលខេត្តត្បូងឃ្មុំលោក ជាម ច័ន្ទសោភ័ណ ព្រមទាំងប្រតិភូជាច្រើននាក់ទៀត ចុះពិនិត្យស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ។

លោក ស៊ុន ចាន់ថុល បានឲ្យដឹងទៀតថា ស្ពានមិត្តភាពកម្ពុជាចិនស្ទឹងត្រង់ក្រូចឆ្មានេះ តាមគម្រោងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២១ ក្រោមអធិបតីភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ប៉ុន្តែដោយសារ ត្រូវលើកពេលសម្ពោធ ដោយវិបត្តិការឆ្លងរាលដា លនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ២០កុម្ភៈ ទើបលោកដឹកនាំប្រតិភូ ដើម្បីចុះពិនិត្យ ហើយបានទទួលការអនុញ្ញាតពីរសម្ដេច តេជោ ហ៊ុន សែន ឲ្យបើកស្ពាននេះសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ឆ្លងកាត់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ២៣ ខែមិនាឆ្នាំ ២០២១ នេះតទៅ ជាពិសេស គឺពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នាពេលខាងមុខនេះតែម្ដង ។

លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ឲ្យដឹងផងដែរថា ចំពោះ សាឡាង តែធ្លាប់ចម្លងនៅក្នុងស្រុកស្ទឹងត្រង់ ក្រូចឆ្មានេះ នឹងបង្វែរយកទៅចម្លងនៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងវិញ ដោយសារទីនោះ ៊មិនទាន់មានស្ពានតភ្ជាប់នៅឡើយ ។

ជាមួយគ្នានោះដែរលោកទេសរដ្ឋមន្ត្រី បានផ្ដាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នទាំងអស់គ្នា អនុវត្ត (៣កុំ ៣ការពារ )ឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិ បាល ដើម្បីជៀសផុតគឺជម្ងឺកាចសាហាវ កូវីដ-១៩ ទាំងអស់គ្នា ។