ខ្ញុំ បាទ ប៉ា ម៉េងហុក និងភរិយា សូមអនុញ្ញាតសម្តែងនូវសេចក្តីអំណរសាទរដោយស្មោះអស់ពីដួងចិត្តគោរពជូនពរ សម្តេចអគ្គមហាពញាចក្រីប្រធានរដ្ឋសភា និង លោកជំទាវ សូមបានប្រកបដោយកម្លាំងមាំមួន សុខភាពពេញលេញ ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំស្ថាប័ននីតិប្បញ្ញត្តិឆ្ពោះទៅរកចីរភាពជានិច្ចនិរន្តរ៍។
ឆ្លៀតក្នុងឱកាសដ៏ឧត្តុងឧត្តមនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសេចក្តីកតញ្ញូដឹងគុណគោរពដោយស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចអគ្គមហាពញាចក្រី ដែលកន្លងមក សម្តេច បានលះបង់កម្លាំងកាយចិត្ត មិនខ្លាចភាពនឿយហត់ ពុះពាររាល់ឧបសគ្គ ដើម្បីបង្កើតបានសុខសន្តិភាព ស្ថិរភាពក្នុងបុព្វហេតុបម្រើជាតិមាតុភូមិដ៏បវរនៃយើង។
ស្មារតីដ៏អង់អាចក្លាហាននេះ បានបង្កើតឲ្យទឹកដីសុវណ្ណភូមិនៃប្រជាជាតិកម្ពុជា ទទួលបាននូវសុខសុភមង្គលក្រោមស្នាដៃដ៏ប៉ិនប្រសប់ និងប្រាជ្ញាស្មារតីរបស់សម្តេចប្រធានរដ្ឋសភា។
ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេច ទើបសមិទ្ធផលរបស់ជាតិលើគ្រប់វិស័យ មានការបោះជំហានឆ្ពោះទៅរកការអភិវឌ្ឍ ជីវភាពសម្បូរសប្បាយរុងរឿង ក៏ដូចជាការអភិវឌ្ឍប្រទេសជាតិឲ្យសម្រេចបានការរីកចម្រើនយ៉ាងឆាប់រហ័ស ពិសេសធ្វើឲ្យស្ថាប័នរដ្ឋសភារីកចម្រើនគួរជាទីមោទន។
យើងខ្ញុំទាំងអស់គ្នា សង្ឃឹមនិងជឿជាក់ថា ព្រះរាជាណាចក្រកម្ពុជា ដែលមាន សម្តេចអគ្គមហាពញាចក្រីប្រធានរដ្ឋសភា ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា គឺព្រះរាជាណាចក្រអច្ឆរិយមួយនេះនឹងល្បីសុសសាយទទួលបានកិត្តិសព្ទដ៏រន្ទឺលើឆាកអន្តរជាតិ។
ជាថ្មីម្តងទៀតក្នុងឱកាសដ៏បវរសួស្តីនេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់ទេវតាឆ្នាំថ្មីព្រះនាម មណ្ឌាទេវី សូមទ្រង់តាមជួយប្រោះព្រំបីបាច់ថែរក្សា និង សូមគោរពជូនពរ សម្តេចអគ្គមហាពញាចក្រីប្រធាន រដ្ឋសភា និង លោកជំទាវ ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕